(កំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ បា្ររព្ធទិវាអន្ដរជាតិ នៃអ្នកស័្មគ្រចិត្ត ក្រោយប្រធានបទ «ស័្មគ្រចិត្ត ដើម្បីនិរន្ដភាព»។

ពិធីនេះ ត្រូវបានធ្វើឡើងនៅ ទីស្នាក់ការអនុសាខាកាកបាទកម្ពុជាស្រុកស្ទោង ក្រោមវត្តមាន ​លោកស្រី ឃួន ឃុនឌី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត​ និងសមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រុមប្រត្តិបត្តិសាខា អនុសាខា យុវជនកាកបាទក្រហមស្រុក អ្នកស្ម័ក្រចិត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៣១៥នាក់។

ក្នុងនោះ លោក ថូ គឹមហ៊ុន អនុប្រធានអនុសាខាស្រុកស្ទោង បានធ្វើរបាយការណ៍សង្ខេបទាក់ទងនឹងការងារ អនុសាខាកាកក្រហមស្រុក រួចមកតំណាងអ្នកស្ម័គ្រចិត្តភូមិបានធ្វើការប្តេជ្ញាចិត្ត ផងដែរ។

បន្ថែមពីនេះ លោកស្រី ឃួន ឃុនឌី បានថ្លែងថា អ្នកស្ម័គ្រចិត្ត​គឺជាប្រតិបត្តករដែលចុះមុនគេបង្អស់ ដោយធ្វើការផ្ទាល់ជាមួយអ្នកងាយរងគ្រោះ ទាំងឡាយនៅក្នុង សហគមន៍របស់ខ្លួន និងជាអ្នកដែលប្រើជំនាញរបស់ខ្លួន ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ថែទាំសុខភាព លើកគោលការណ៍គ្រឹះតម្លៃមនុស្សធម៌ វប្បធម៌អហឹង្សា អភិវឌ្ឍធនធាន និងសេវាកម្មមនុស្សធម៌តាមគោលការណ៍គ្រឹះទាំង៧។

លោកស្រី ​ក៏បាននាំនូវការ​​សាកសួរសុខទុកពីសំណាក់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក អ៊ុត សំអន ប្រធានគណៈកម្មាធិការសាកាកបាទក្រហមខេត្ត ជូនបងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលកាកបាទក្រហម តែងតែជួយប្រជាពលរដ្ឋដែលមានការលំបាក ជាពិសេសគ្រួសារក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងទុរគតជននានា​។ ជាងនេះទៅទៀត លោកស្រី បានធ្វើការផ្តាំផ្ញើ ដល់អ្នកចូលរួមទាំងអស់សូមថែរក្សាសុខភាព ដោយរស់នៅស្អាតហូបស្អាត ផឹកស្អាត ដើម្បីមានសុខភាពល្អ៕