(ភ្នំពេញ)៖ សម្រាប់រយៈពេល១១ ឆ្នាំ២០១៦ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ៥,៦៣៤,៣៥៥.១៤លានរៀល  ដែលស្មើនឹងប្រមាណ ១,៤០៨.៥៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥ កើនឡើងចំនួន ៩០០,៨១៥.៣៧លានរៀល ស្មើនឹងប្រមាណ២២៥.២០លានដុល្លារកំណើន១៩.០៣%។

ការបញ្ជាក់ពីការប្រមូលពន្ធនេះ ធ្វើក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូល ចំណូលពន្ធប្រចាំខែវិច្ឆិកា ឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។

ដោយឡែកសម្រាប់ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធអាករគ្រប់ប្រភេទ (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ «Online» របស់អគ្គនាយកដ្ឋានពន្ធដារ) បានចំនួន ៥៤០,០៤១.៤៦លានរៀល ស្មើនឹងប្រមាណជា១៣៥ លានដុល្លារ ប៉ុន្តែបានធ្វើបែបបទ សលាកបត្របង់ចូលថវិកាជាតិ ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចំនួន៤៧៧,២១៣.៨១លានរៀល ដែលស្មើនឹងប្រមាណ ១១៩.៣០ លានដុល្លារ។  

ក្នុងរយៈពេលដូចគ្នានេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានការកើនឡើងផងដែរ នូវចំណូលពន្ធ-អាករតាម ប្រភេទពន្ធ និងសកម្មភាពអាជីវកម្មសំខាន់ៗ មួយចំនួនដូចជា ៖ ពន្ធលើប្រាក់ចំណេញ កើនឡើង២០.៤%, ពន្ធលើប្រាក់បៀវត្សកើនឡើង២២.៣%, អាករលើតម្លៃបន្ថែម កើនឡើង២២.៨%, និងអាករពិសេស កើនឡើង២៤.៤%។ ចំណែកឯចំណូលពន្ធ-អាករ តាមសកម្មភាពអាជីវកម្ម  ក៏មានការកើនឡើងស្ទើរគ្រប់ប្រភេទអាជីវកម្មផងដែរ។

ក្នុងឱកាសនោះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល បានផ្តល់នូវអនុសាសន៍ណែនាំដល់អង្គភាព ពន្ធដារក្រោមឱវាទទាំងអស់ ឲ្យបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រមូលចំណូលពន្ធ។     

លោកប្រតិភូរាជរដ្ឋាភិបាល បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ គ្រប់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំ ប្រឹងប្រែងប្រមូលចំណូល រហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនេះគឺជាជោគជ័យរួមរបស់ អគ្គនាយកដ្ឋានពន្ធដារ ព្រោះថា ប្រសិនបើមិនមានការចូលរួម ពីគ្រប់អង្គភាពពាក់ព័ន្ធ លទ្ធផលប្រមូលចំណូលពន្ធនេះ នឹងមិនអាចសម្រេចទៅប្រកបដោយ លទ្ធផលត្រចះត្រចង់បែបនេះបានទេ។

លោក គង់ វិបុល ក៏បានផ្តល់ការណែនាំបន្ថែមដល់គ្រប់អង្គភាព ឲ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ផ្អែកទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ ធ្វើយ៉ាងណាឲ្យអ្នកជាប់ពន្ធសប្បាយចិត្ត មិនសម្តែងការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនរដ្ឋ៕