(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ បានរៀបចំកិច្ចប្រជុំបូកសរុប លទ្ធផលគ្រប់គ្រងប្រមូលចំណូល ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៦ និងពិធីបំពាក់គ្រឿងឥស្សរិយយស «សហមេត្រី» ជូនអ្នកជំនាញការនៃក្រសួងរតនាគារសហរដ្ឋអាមេរិក ក្រោមអធិបតីភាពលោកទេសដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ព្រមទាំងវត្តមានរបស់លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ទៀត។

ជាកិច្ចចាប់ផ្តើម លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោកទេសរដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលបានចូលរួម ក្នុងពិធីបំពាក់មេដាយសហមេត្រី ជូនអ្នកជំនាញការនៃការិយាល័យ OTA ប្រចាំអគ្គនាយកដ្ឋានពន្ធដារ និងបានជម្រាបជូនអង្គពិធីទាំងមូលយ៉ាងដូច្នេះថា ជំនួយបច្ចេកទេស របស់ការិយាល័យ OTA នេះគឺជាជំនួយបច្ចេកទេស ដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការជំរុញកិច្ចការកែទម្រង់ របស់អគ្គនាយកដ្ឋានពន្ធដារ ដោយសម្រេចបាននូវសមិទ្ធផល ការងារជាច្រើនក្នុងបរិបទ នៃការកែទម្រង់របស់អគ្គនាយកដ្ឋាន។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវអបអរសាទ ចំពោះលោក Bob Wenzel និងសហសេវិកចំនួន០៣ រូបផ្សេងទៀត គឺលោកស្រី Susan Stanley, លោក Danny Athanasaw, និងលោក Ray Woolner ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនមេដាយសហមេត្រី នាពេលនេះ។

លោកទេសរដ្ឋមន្ត្រីបានគូស បញ្ជាក់ផងដែរថា ពិធីបំពាក់មេដាយសហមេត្រីនាថ្ងៃនេះ គឺមានគោលបំណងសម្តែងនូវការ អរគុណចំពោះក្រសួងរតនាគារ នៃសហរដ្ឋអាមេរិក និយាយជារួម និងនិយាយដោយឡែក គឺដើម្បីថ្លែងអំណរគុណចំពោះ លោក Bob Wenzel ប្រធានគម្រោង និងសហការី និងជាការបង្ហាញពីសមិទ្ធផល ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរតនាគារសហរដ្ឋអាមេរិក ក៏ដូចជាការរួមចំណែករបស់ ការិយាល័យ OTA ក្នុងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង នារយៈពេលកន្លងមក ក្នុងការជួយជំរុញការងារកែទម្រង់ របស់អគ្គនាយកដ្ឋានពន្ធដារ ឲ្យកាន់តែទទួលបានជោគជ័យថែមទៀត៕