(ភ្នំពេញ)៖ អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា លោក មូល សារិទ្ធី បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី ១៤ ខែធ្នូ នេះថាមន្ត្រីរបស់ប្រទេសចិន​ដែលបានចុះមកពិនិត្យតាមរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជា ដើម្បីវាយតម្លៃថា មានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការនាំចេញអង្ករ ទៅកាន់ប្រទេសចិន ឬយ៉ាងណានោះ បានបញ្ចប់ការចុះពិនិត្យរួចរាល់ហើយ ដោយពួកគេអះអាងថា រោងម៉ាស៊ីនកិនស្រូវរបស់​កម្ពុជាជាង៩០ភាគរយ អាចនាំចេញទៅប្រទេសចិនបាន។

អគ្គលេខាធិការរូបនេះ បានឲ្យដឹងថា មន្រ្ដីក្រសួងគ្រប់គ្រង់ ត្រួតពិនិត្យ គុណភាព និងចត្តាឡីស័ករបស់ប្រទេសចិន បានចុះត្រួតពិនិត្យ​លក្ខណៈសម្បត្តិដោយផ្ទាល់ តាមក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ នៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅតាមរោងម៉ាស៊ីនកិនស្រូវចំនួន ២៨រោងម៉ាស៊ីន។

លោក មូល សារិទ្ធី បានបញ្ជាក់ទៀតថា «រោងម៉ាស៊ីនទាំង២៨ ដែលមន្រ្ដីចិនបានចុះទៅពិនិត្យ ពួកគាត់អះអាងថា មានរោងម៉ាស៊ីនកិនស្រូវ​លើសពី៩០ភាគរយ មានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការនាំចេញអង្ករទៅប្រទេសចិនបាន ខណៈមួយចំនួនទៀត មន្រ្ដីទាំងនោះបានជម្រុញឲ្យ​មានការកែលម្អការគ្រប់គ្រង់ និងការរៀបចំឯកសារឲ្យបានប្រសើរឡើងវិញ»

លោកអគ្គលេខាធិការរូបនេះ បានបញ្ជាក់ទៀតថា បញ្ហាសំខាន់៣ ដែលមន្ដ្រីរបស់ចិនធ្វើការត្រួតពិនិត្យ រួមមាន៖ ទី១-អំពីគុណភាពអង្ករ ថាតើអង្កររបស់រោងម៉ាស៊ីនទាំងនោះ មានសត្វល្អិត ប្រើប្រាស់ថ្នាំគីមី ឬយ៉ាងណា។ ទី២- តើកន្លែងផលិតអង្ករក្នុងរោងម៉ាស៊ីនទាំងនោះ មានស្ដង់ដារ និងសង្វាក់ផលិតកម្មរបៀបណា និងទី៣-ថាតើរោងម៉ាស៊ីនកិនស្រូវទាំងអស់នោះ មានប្រព័ន្ធគ្រប់គ្រង់ និងការរៀបចំ​ឯកសារត្រឹមត្រូវកម្រិតណា។

ទីផ្សារចិន គឺជាទីផ្សារដ៏សំខាន់មួយរបស់កម្ពុជា ដោយសារតែប្រទេសនេះ មានប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ ពិសេស​គោលនយោលបាយ របស់រាជរដ្ឋាភិបាលទាំងពីរ បាននឹងកំពុងមានសហប្រតិបត្តិការ យ៉ាងស្អិតរមួត។ ជាក់ស្ដែងនៅឆ្នាំ២០១៦នេះ រាជរដ្ឋាភិបា​លចិនបានដំឡើងកូតា នាំចេញអង្កររបស់កម្ពុជា ហូតដល់២០ម៉ឺនតោនក្នុង១ឆ្នាំៗ។

សូមជម្រាបថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ប្រទេសចិន បានជាង១០ម៉ឺនតោន៕