(ភ្នំពេញ)៖ សមណសិស្ស នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រិតជាច្រើនអង្គ ដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុក) នៅពេលខាងមុខនេះ បាននិមន្តចុះធ្វើកម្មសិក្សាស្វែងយល់ អំពីការដឹកនាំគ្រប់គ្រង ការកសាងទីវត្តអារាមរបស់ ព្រះចៅអធិការវត្តប្រាសាទ ស្ថិតក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ដែលវត្តដ៏ល្បីល្បាញមួយ នៅតំបន់ភ្នំបាសិទ។

លោកវិជ្ជាធម្មគរូ ទេព ផុន គតិបណ្ឌិតនៃអគារធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានឲ្យដឹងថា «ការដឹកនាំសមណសិស្សមកទីនេះ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ គឺអនុវត្តតាមលំអាននៃការដឹកនាំលើវិស័យព្រះពុទ្ធសាសនា របស់ព្រះគ្រូឧបជ្ឈាពីសង្គមចាស់ ដើម្បីចុះធ្វើទស្សនកិច្ចសិក្សា នៅទីកន្លែងដែលជាតំបន់ ប្រវត្តិសាស្រ្ត ទីអារាមដែលមានការកសាង និងមានការដឹកនាំបានល្អ មានការរីកចម្រើន ឬទីតាំងដែលបានតម្កល់ទុកនូវព្រះបដិមា វត្ថុបុរាណ វត្ថុលម្អ ដែលបង្ហាញពីវប្បធម៌ ប្រវត្តិសាស្រ្ត ឬរចនាបទសិល្បៈ ចម្លាក់ថ្ម-ឈើ សម្រាប់ឱ្យសមណសិស្សបានសិក្សាស្វែងយល់បន្ថែម លើគ្រប់មុខជំនាញ ក្នុងវិស័យព្រះពុទ្ធសាសនា»

លោកវិជ្ជាធម្មគរូ ទេព ផុន បានបន្តថា ការសិក្សាស្វែងយល់គឺជារឿងសំខាន់ សម្រាប់អ្នកសិក្សា តាមឱវាទព្រះគ្រូឧបជ្ឈាថា ការសិក្សាមានគោលសំខាន់៥គឺ វិជ្ជាសិក្សា កម្មសិក្សា អត្តចរឹតសិក្សា កាយបរិហារសិក្សា និងទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់ អំពីវត្ថុសិល្បៈ ចម្លាក់អំពីថ្ម-ឈើនានា ដែលជាព្រលឹងជាតិ ជាវប្បធម៌ មរតករបស់ជាតិ សម្រាប់បង្ហាញដល់អ្នកជំនាន់ក្រោយៗទៀត ជាពិសេស ជាលើកទឹកចិត្តដល់អ្នកដែលខិតខំកសាង តំបន់ ឬទីអារាមនេះ ឱ្យមានការរីកចម្រើនតទៅទៀត។

សម្តេចព្រះឧត្តមធម្មរាជាគណថ្នាក់កិត្តិយស និងជាព្រះអនុគុណខណ្ឌព្រែកព្នៅ សោម ស៊ីម ព្រះចៅអធិការវត្តប្រាសាទ មានសង្ឃដីកាថា «ការរៀបចំប្រមែប្រមូល នូវវត្ថុសិល្បៈ ចម្លាក់ថ្ម-ឈើ និងសម្ភារៈដ៏សម្បូរបែប មកតម្កល់នៅក្នុងវត្តប្រាសាទនេះ គឺដើម្បីទុកជាសម្បត្តិសមូហភាព និងទុកសម្រាប់មនុស្សជំនាន់ក្រោយ បានសិក្សាស្វែងយល់បន្ថែម អំពីវប្បធម៌ ប្រពៃណី និងបេតិកភ័ណរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកជាសម្បត្តិរបស់ជាតិ»

ជាមួយគ្នានោះ ព្រះគ្រូចៅអធិការក៏បានអំពាវនាវ ដល់ពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស សូមជួយលើកកម្ពស់ព្រះពុទ្ធសាសនា ឱ្យស្ថិតនៅគង់វង្សយូអង្វែង តាមរយៈការចូលរួមបរិច្ចាក ចាប់មគ្គផលជាសម្ភារបរិក្ខា និងចូលរួមកសាងវត្តអារាម ឱ្យមានការរីកចម្រើន ពិសេសវត្តប្រាសាទនេះ ដែលបាននិងកំពុងកសាងនូវ ឧបដ្ឋានសាលា សម្រាប់ព្រះសង្ឃប្រើប្រាស់ជាតម្រូវការ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

សូមបញ្ជាក់ថា នៅថ្ងៃដដែលនេះដែរ លោកវិជ្ជាធម្មគរូ ទេព ផុន និងពុទ្ធបរិស័ទចំណុះជើងវត្ត ក៏បានរៀបចំពិធីស្រោចស្រពព្រះសុគន្ធវារី ចម្រើនព្រះជន្មថ្វាយប្រគេន សម្តេចព្រះអនុគុណខណ្ឌព្រែកព្នៅ សោម ស៊ីម ព្រះគ្រូចៅអធិការវត្តប្រាសាទ ក្នុងព្រះជន្មាយុគម្រប់ ៥៧ព្រះវស្សា ក្រោមព្រះវត្តមានសម្តេចព្រះវ័ន្តរតន៍ ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា៕