(ព្រះសីហនុ)៖ ព្រះរាជដំណាក់ របស់​ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ដែលស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បាននឹងកំពុងរៀបចំជួសជុលយ៉ាងប្រណិត ដើម្បីត្រៀមសម្រាប់ទទួលការយាងរបស់ព្រះអង្គទាំងទ្វេ នាបំណាច់ចុងឆ្នាំ២០១៦​ ពោលគឺនៅថ្ងៃទី៣០ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ ដែលព្រះអង្គនឹងយាងតាមរថភ្លើងជាលើកដំបូងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលអមដំណើរដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែធ្នូខាងមុខនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅកាន់ខេត្តព្រះសីហនុ តាមរថភ្លើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ហើយយាងនិវត្តន៍ត្រឡប់មករាជធានីភ្នំពេញវិញនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ក្នុងឱកាសឆ្លងឆ្នាំសកលខាងមុខនេះ។

សូមជំរាបថា ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា ជាមួយនឹងបុគ្គលិក កម្មករ ជាច្រើនរយនាក់ នៅកំពង់ផែ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេចនឹងចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ដើម្បីយាងព្រះអង្គ ធ្វើទស្សនកិច្ចតាមរថភ្លើង ពីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ហើយសម្តេចតេជោ នឹងដង្ហែព្រះមហាក្សត្រ ដោយផ្ទាល់។

ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់ព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ សម្តេចព្រះ នរោត្តម សីហនុ ដែលបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម មិនមែនដូចការអត្ថាធិប្បាយមួយចំនួន ដែលថាកសាងឡើងនៅសម័យ អាណានិគមបារាំងនោះទេ៕