(កំពង់ចាម)៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ស្នើឲ្យគ្រឹះស្ថានឧត្តមសិក្សាកសិកម្ម បន្ដកំណែទម្រង់ប្រព័ន្ធសិក្សាឲ្យបានល្អ និងស៊ីជំរៅលើមូលដ្ឋានវិទ្យាសាស្ដ្រ បច្ចេកទេស និងពង្រឹងសមត្ថភាពស្រាវជ្រាវលើបញ្ហាប្រឈមជាក់ស្ដែងនានា។

ថ្លែងក្នុងពិធីក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ ដល់និស្សិតជ័យលាភីបានបញ្ចប់ការសិក្សានៅសាលាជាតិកសិកម្មកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោករដ្ឋមន្ដ្រី វេង សាខុន ថា «គ្រឹះស្ថានឧត្តមសិក្សាកសិកម្ម ដើម្បីលើកកម្ពស់គុណភាព និងលើកស្ទួយកិត្តិនាមរបស់គ្រឹះស្ថាននីមួយៗ ត្រូវបន្តធ្វើកំណែទម្រង់ប្រព័ន្ធសិក្សាឲ្យបានល្អ ជំរុញការសិក្សាឲ្យកាន់តែស៊ីជម្រៅ លើមូលដ្ឋានវិទ្យាសាស្ត្រ បច្ចេកទេស និងពង្រឹងសមត្ថភាពស្រាវជ្រាវ លើបញ្ហាប្រឈមជាក់ស្តែងនានា ដែលកើតមាននាពេលបច្ចុប្បន្ន នៅក្នុងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកលើការងារអភិវឌ្ឍសង្គមដោយផ្ទាល់»

លោករដ្ឋមន្ដ្រី បញ្ជាក់ថា បច្ចុប្បន្ននេះ ការងារអប់រំជំនាញកសិកម្ម កំពុងជះឥទ្ធិពលជាវិជ្ជមានក្នុងសង្គមកម្ពុជា ដែលធ្វើឲ្យភាពជាដៃគូ ជាមួយផ្នែកឯកជនទាំងក្នុងស្រុក និងក្រៅស្រុកកំពុងត្រូវបានពង្រឹង និងពង្រីក ដោយជំរុញឲ្យមានការប្រកួតប្រជែងយ៉ាងសកម្ម ក្នុងរង្វង់ស្ថាប័នអប់រំបណ្តុះបណ្តាលដទៃទៀត។ រដ្ឋមន្ដ្រីបន្ដថា ការងារបណ្តុះបណ្តាលមុខជំនាញនីមួយៗ ត្រូវតម្រង់ទិសទៅរកទីផ្សារការងារ ដែលតែងតែមានការប្រែប្រួល ជាអាលជី្ជក្នុងបរិបទ នៃសាកលភាវូបនីយកម្ម និងធ្វើការវិភាគទៅលើមុខរបរថ្មីៗបន្ថែមទៀត ដើម្បីតម្រង់ការបណ្តុះបណ្តាលឲ្យចំទិសដៅអនាគតយូរអង្វែង ធានាបាននូវធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងដំណាក់កាលដែលកម្ពុជា ចូលរួមធ្វើសមាហរណកម្មអាស៊ាន ក្នុងបរិបទ នៃការប្រែប្រួលបច្ចេកវិទ្យានាកាលៈទេសៈបច្ចុប្បន្ននេះ ក៏ដូចជានៅពេលអនាគត។

ជាមួយគ្នានោះដែរ លោក វេង សាខុន ក៏បានផ្ដាំផ្ញើឲ្យនិស្សិតទាំងអស់ ត្រូវខិតខំពង្រឹងវិន័យសិក្សា ស្វះស្វែងរៀនសូត្រ ហាត់ពត់លត់ដំសិក្សាស្រាវជ្រាវចំណេះដឹងថ្មីៗ តាមប្រព័ន្ធព័ត៌មានវិទ្យាបន្ថែម ក៏ដូចជាសិក្សាជាក្រុម រួមគ្នាធ្វើការស្រាវជ្រាវបំពេញបន្ថែមលើទ្រឹស្តី ដែលបានសិក្សាកន្លងមក ធ្វើឲ្យប្រាកដថា សមត្ថភាពរបស់ខ្លួន នឹងអាចរួមចំណែកសកម្មក្នុងការអភិវឌ្ឍន៍សង្គមជាតិ ក្រោយពីបានបញ្ចប់ការសិក្សា ស្របនឹងកំណាព្យមួយបានពោលថា «ចង់ធ្វើអ្វីធ្វើឲ្យប្រាកដ កុំឲ្យនឿយហត់អត់អំពើ ចាប់នេះចាប់នោះស្ទុះស្ទាក់ស្ទើរ អំពើមិនបានសម្រេចផល។ នាំក្តៅក្រហាយស្តាយជាក្រោយ នាំឲ្យខាតពេលកើតអំពល់ ហេតុនេះធ្វើអ្វីត្រូវធ្វើទាល់តែបានកើតផលដល់ហ្ល័កគោល»