(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា បច្ចុប្បន្នក្រសួងកសិកម្ម បាននឹងកំពុងប្រឹងប្រែង បញ្ជ្រៀបការប្រើប្រាស់បច្ចេកវិទ្យា ទៅដល់ប្រជាកសិករខ្មែរ ដើម្បីបង្កើនផលិតផលកសិកម្ម។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ ដល់និស្សិសាលាជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ។

លោករដ្ឋមន្ដ្រី បញ្ជាក់យ៉ាងដូច្នេះថា «តាមរយៈធនធានដែលបានពីការបណ្ដុះបណ្ដាលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំជំរុញការផ្ទេរបច្ចេកវិទ្យាទៅដល់កសិករ ធ្វើឲ្យកំណើនផលិតផលកសិកម្មកើនឡើងទាំងទិន្នផល និងគុណភាព លើសពីតម្រូវការទីផ្សារក្នុងស្រុក»។

បើតាមលោក វេង សាខុន បរិបទថ្មីមួយតម្រូវឲ្យក្រសួងងាកមកសិក្សាបន្ថែមទៀតថាតើ ត្រូវរកទីផ្សារកសិផល ជូនប្រជាសិករកម្ពុជាដោយវិធីណា ដើម្បីធានាបាននិរន្ដរភាព ផលិតផលកម្មកសិកម្ម ធានាបាននូវជីវភាព របស់កសិករឲ្យ កាន់តែប្រសើរឡើង ទន្ទឹមនឹងការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជបនីយកម្មកសិកម្ម។

ក្នុងនោះដែរលោករដ្ឋមន្ដ្រី បញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីកម្ពុជា មានមូលធនបញ្ញាគ្រប់គ្រាន់ សម្រាប់ជាមធ្យោយបាយ ទៅសម្រេចឲ្យបាននូវ​បេសសកម្ម នៃការកាត់ បន្ថយភាពក្រីក្ររបស់ប្រជាជន និងដើម្បីធានាឲ្យបាននូវសមត្ថភាពដណ្ដើមឈ្នះរបស់កម្ពុជា នាពេលអនាគត។

លោកថា «ប្រទេសខ្លះក្នុងតំបន់គេមិនសូវសម្បូរធនធានធម្មជាតិដូចយើងក៏ពិតមែន តែប្រទេសគេ មានប្រជាពលរដ្ឋរបស់គេប្រកដដោយសមត្ថភាព ទេពកោសល្យ ជំនាញល្អៗ​ប្រកបដោយគុណ​វុឌ្ឍខ្ពស់អាចប្រកួតដណ្ដើមយកបានទីផ្សារការងារនៅក្រៅប្រទេស និងចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិរបស់គេបានយ៉ាងខ្លាំងក្លា។ ដូច្នេះ កម្ពុជាយើងគឺត្រូវតែ​អភិវឌ្ឍ​​ធនធានមនុស្សរបស់​យើងឲ្យមានលក្ខណសម្បត្តិបែបនេះដែរ»

ជាចុងបញ្ចប់នៃកម្មវិធី លោករដ្ឋមន្ដ្រី វេង សាខុន ក៏បានប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ ដល់និស្សិសាលាជាតិកសិកម្មកំពង់ចាម សុរប៣១៨នាក់ផងដែរ៕