(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ បានឆ្លៀតឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Ronald De La Rosa អគ្គស្នងការនគរបាលជាតិហ្វីលីពីន ដែលលោកបានអញ្ជើញអមដំណើរ ក្នុងដំណើរទស្សនកិច្ចរបស់លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន មកកាន់ព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបពិភាក្សានេះនាយឧត្តមសេនីយ៍ នេត សាវឿន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិហ្វីលីពីនកន្លងមក។

នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរដល់ភាគីហ្វីលីពីនដែលតែងតែផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ជាមួយភាគីនគរបាលជាតិកម្ពុជាផងដែរ។

នៅក្នុងជំនួបពិភាក្សានេះផងដែរ ភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទៅលើការផ្លាស់ប្តូរព័ត៌មានចារកម្មនានា ដើម្បីទប់ស្កាត់ប្រឆាំងបទល្មើស ជាពិសេសបទល្មើសឧក្រិដ្ឋ និងបទល្មើសគ្រឿងញៀន។

ក្នុងនោះដែរ ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នាក្នុងការផ្លាស់ប្តូរមន្រ្តីជំនាញ ដើម្បីសិក្សាស្វែងយល់បទពិសោធន៍​ នូវយុទ្ធសាស្រ្តក្នុងការបង្រ្កាបបទឧក្រិដ្ឋ ពិសេសបទល្មើសគ្រឿងញៀន ដែលអាចមានថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ដឹកនាំប្រតិភូទៅសិក្សានៅហ្វីលីពីន ក៏ដូចជា ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិហ្វីលីពីន មកសិក្សានៅកម្ពុជា ដើម្បីផ្លាស់ប្តូរ និងចែករំលែកនូវបទពិសោធន៍ល្អៗពីគ្នាពាក់ព័ន្ធទៅនិងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទឧក្រិដ្ឋផងដែរ។

ជាមួយគ្នានេះដែរ ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការពិនិត្យលើលទ្ធភាព ក្នុងការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាមួយ (MOU) រវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិហ្វីលីពីន ដែលអនុស្សរណៈនេះនឹងផ្តល់ឱកាស ក៏ដូចជាភាពងាយស្រួលក្នុងការអនុវត្តការងារ ការផ្លាស់ប្តូរព័ត៌មាន និងធ្វើឲ្យការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ កាន់តែមានប្រសិទ្ធភាពជាងមុន៕