(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាធនាគារផ្ដល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃឈានមុខគេ នៅប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្ដីពីសេវាបើកប្រាក់បៀវត្សតាមប្រព័ន្ធអេឡិចត្រូនិច ជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ នាសណ្ឋាគារកាំបូឌីយ៉ាណា។

ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងដោយលោក ខេន លូ អគ្គលេខាធិការនៃ GMAC ជាមួយលោក ចូចូ ម៉ាឡូឡូ អគ្គនាយកធនាគារឯកទេសវីង និងក្រោមអធិបតីភាព លោក វ៉ាន់ សូអៀង ប្រធាន GMAC, អ្នកឧកញ៉ា គិត ម៉េង, អ្នកឧកញ៉ា ហុង ពីវ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតផងដែរ។

ថ្លែងប្រាប់ក្រុមអ្ន​កសារព័ត៌មាន ក្រោយបញ្ចប់ការចុះហត្ថលេខា លោក វ៉ាន់ សូអេង​ ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានឲ្យដឹងថា ក្រុមហ៊ុនវីងបានជួយដល់កម្មករ-កម្មការិនី យ៉ាងច្រើន ហើយផ្ដល់នូវសុវត្ថិភាពខ្ពស់ និងឆាប់រហ័ស ជាក់ស្ដែងលោកក៏បានប្រើប្រាស់នូវសេវាកម្មវីងផងដែរ។ លោកថា នៅពេលដែលកម្មករប្រើប្រាស់សេវាវីងនេះ កម្មករអាចចំណេញបានច្រើន ដោយសារតែពេលមិនទាន់ប្រើគាត់ត្រូវចំណាយថវិកាក្នុងការផ្ញើលុយទៅជូនឪពុកម្ដាយ នៅស្រុកកំណើត ហើយនៅពេលប្រើសេវាកម្មវីងនេះ ចំណាយថវិកាតែបន្ដិចបន្ទួចតែប៉ុណ្ណោះ។

ជាមួយគ្នានោះ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារវីង បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះធ្វើឡើង ដើម្បីផ្ដល់ជូនសមាជិករបស់ GMAC អាចប្រើប្រាស់ សេវាបើកប្រាក់បៀវត្ស និងការទូទាត់ប្រាក់ផ្សេងៗ ហើយសមាជិក GMAC អាចដកប្រាប់ និងធ្វើប្រតិបត្តិការលើសេវាប្រចាំថ្ងៃជាមួយភា្នក់ងារវីង ដែលមានជាង៥,០០០កន្លែងនៅក្នុងប្រទេសកម្ពុជា ដូច្នេះសមាជិករបស់ GMAC អាចប្រើប្រាស់សេវាកម្មវីង គ្រប់ទីកន្លែងដែលគ្របដណ្ដប់១០០ភាគរយ ទូទាំងផ្ទៃប្រទេស ព្រមទាំងប្រតិបត្តិការផ្សេងៗតាមបែបអេឡិចត្រូនិចលើទូរស័ព្ទដៃ។

លោកបន្ថែមថា សមាជិករបស់ GMAC អាចទទួលបានគណនីវីង ដែលពួកគេអាចប្រើប្រាស់យ៉ាងងាយស្រួលក្នុងការបង់វិក្កិយបត្រ ផ្ទេរប្រាក់ បញ្ជូនលុយទូរស័ព្ទយ៉ាងស្រួលពីកន្លែងធ្វើការ ឬក៏ពីផ្ទះរបស់ពួកគេ ហើយបុគ្គលិករបស់ GMAC អាចទទួលបានការបញ្ជុះតម្លៃពិសេស នៅពេលដែលពួកគេធ្វើការទូទាត់ប្រាក់តាមរយៈកាតវីង ជាមួយបណ្ដាហាងដៃគូនានា។

សូមបញ្ជាក់ថា Wing គឺជាសេវាកម្មដ៏ទំនើប និងងាយស្រួលមួយសម្រាប់ការទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃ ដូចជាការផ្ញើប្រាក់ ទូទាត់វិក្កិយបត្រ បញ្ជូលលុយទូរស័ព្ទ សេវាបើប្រាក់បៀវត្ស ទិញទំនិញតាមអនឡាញ និងការចាយតាមកាតវីង (វីងគិតលុយ)ជាដើម។ សម្រាប់សមាជិក GMAC ដែលមានចំណាប់អារម្មណ៍ លើសេវាកម្មពិសេសនេះ សូមចូលទៅកាន់គេហទំព័រ www.wingmoney.com ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទលេខ ០២៣​​ ៩៩៩ ៩៨៩ ឬ០១២ ៩៩៩ ៤៨៩៕