(ភ្នំពេញ)៖ នៅម៉ោងប្រមាណ៣រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញជួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។

នៅក្នុងកិច្ចពិភាក្សាដែលនឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃនេះរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ, ត្រូវបានរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន ធ្លាប់លើកឡើងថា អាចនឹងមានការពិភាក្សាគ្នាអំពីបញ្ហាសមុទ្រចិនខាងត្បូងផងដែរ។​

សូមជំរាបថា នៅវេលាប្រមាណជាង១១៖២០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីចូលគាល់ និងជួបសវនាការជាមួយព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីនអញ្ជើញទៅ គោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ ហើយត្រឡប់ទៅកាន់សណ្ឋាគារសូហ្វីតែលភូគីត្រា វិញ។

លោកប្រធានាធិបតីហ្វីលីពីន ព្រមទាំងគណៈប្រតិភូ នឹងអញ្ជើញត្រឡប់ចាកចេញពីប្រទេសកម្ពុជាវិញ នៅវេលាម៉ោងប្រមាណ ៩៖៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឆ្ពោះទៅប្រទេសសិង្ហបុរី។ ប៉ុន្តែមុនចាកចេញពីកម្ពុជា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏នឹងអញ្ជើញចូលរួមពិធីលាងសាយភោជ ដែលរៀបចំឡើងនៅក្នុងព្រះបរមរាជវាំងផងដែរ។

សូមជំរាបថា លោក រ៉ូឌ្រីកូ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន និងកំពូលអ្នកប្រដាល់ ប៉ាគីអាវ បានមកដល់កម្ពុជានៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការទទួល ស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានមានជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋ​ហ្វីលីពីន ដែលកំពុងរស់នៅកម្ពុជាជាច្រើនរយនាក់ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ ទីដែលលោកប្រធានាធិបតីស្នាក់នៅ៕