(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចេញលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសគម្រប់ខួបអាយុ៦២ឈានចូល៦៣ឆ្នាំ។ ថ្ងៃខួបកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងចូលមកដល់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។

លិខិតជូនពរ សម្តេច ហេង សំរិន ដែលចេញនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «តាំងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃរដ្ឋសភា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយឥតឧបមា សូមសំដែងនូវអំណរសាទរ និងប្រសិទ្ធពរជ័យសិរីមង្គលសួស្តី ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមមានភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ឲ្យទទួលបានជោគជ័យ ជាបន្តបន្ទាប់»។

សម្តេចពញាចក្រី ហេង សំរិន បានសរសើរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនថា ជាកុលធីតាដ៍ឆ្នើមមួយរូប ជាឧត្តមភរិយាដ៏ប្រពៃ ជាមាតា ជីដូនប្រកបដោយព្រហ្មវិហារធម៌ និងជាអ្នកដឹកនាំមួយរូបពោពេញដោយគុណធម៌ និងគំរូវីរៈភាពដ៏ល្បីល្បាញទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ៕