(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជូនជនសង្ស័យ២នាក់និងថ្នាំញៀនយ៉ាម៉ា៣០គ្រាប់ ទៅតុលាការ​នៅរសៀល​ថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៦នេះ បន្ទាប់ពីសមត្ថកិច្ចនគរបាលការិយាល័យជំនាញ បានឃាត់ខ្លួន​បានជាបន្តបន្ទាប់​កាលពីវេលា​ម៉ោង១៩៖០០នាទី​ថ្ងៃទី១២ខែធ្នូ​ឆ្នាំ២០១៦ នៅចំណុច​ភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង​កន្លងទៅ។

លោក ស៊ាន សូណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញទទួលបាន​ព័ត៌មានថាមានករណីជួញដូរ​ថ្នាំញៀនរួចមកកម្លាំងយើងបានសហការជាមួយកម្លាំងអន្តាគមពិសេសខេត្ត ​បានឃាត់ខ្លួនជន​សង្ស័យម្នាក់​ក្នុងបទល្មើសជាក់ស្តែងមានឈ្មោះ ហ៊ឹង ជួយ ហៅជីវភេទប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិល្វា ឃុំល្វា ស្រុកបវេលខេត្តបាត់ដំបង ដោយរឹបអូសបានថ្នាំញៀនយ៉ាម៉ាចំនួន៣០គ្រាប់​មានទម្ងន់ស្មើនឹង៣.០១ក្រាម​ម៉ូតូ១គ្រឿងទូរស័ព្ទដៃ១គ្រឿង ។

លោក ស៊ាន សូណាល់ បានបន្តថា​ រួមនាំមកសាកសួរចម្លើយទើបដឹងថា មានបក្ខពួកម្នាក់ទៀត កម្លាំងជំនាញ​បានសុំយោបល់​លោកព្រះរាជអាជ្ញា​ នួន សាន ឈានទៅចាប់ខ្លួន​ជនសង្ស័យ​បានម្នាក់ទៀត​ កាលពីវេលា​ម៉ោង២១៖៣០នាទីយប់​ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៦ នៅចំណុច ភូមិដូនអោក ឃុំល្វាស្រុកបវេល ជនសង្ស័យនេះមានឈ្មោះ វណ្ណៈ គឹមលី ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅ ភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បាននាំយកមក​ការិយាល័យ​ជំនាញនៃស្នងការដ្ឋាន​នគរបាលខេត្តដើម្បីសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា បក្ខពួកខ្លួនពិតជាបានរកស៊ីជួញដូរថ្នាំញៀនពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានមន្រ្តីការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនខ្លួន ទៅតុលាការខេត្តនៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះ ដើម្បីចាត់ការបន្តតាមច្បាប់ ៕

Advertising