(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បាននិយាយថា ក្រោយពីធ្វើកោសល្យវិច្ច័យលើស្រាស នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រសួងសុខាភិបាល បានរកឃើញថា ស្រាសទាំងនោះមានជាតិមេតាណុលខ្ពស់ជាងធម្មតា ដែលអាចសម្លាប់មនុស្សបាន។

លោក លី សូវ៉ាន់ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែត នៅនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាព្រឹកថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ២០១៦ថា ក្រសួងបានរកឃើញថា ស្រាសទាំងនោះ មានកម្រិតជាតិមេតាណុល ០.២ភាគរយដល់ ១.៤៧ភាគរយឯណោះ។ ចំណែកការបិទធម្មតា និងជាទូទៅ មានត្រឹមតែកម្រិត០.១៥ភាគរយប៉ុណ្ណោះ។

លោកថា ស្រាសដែលមានជាតិមេតាណុលខ្ពស់បែបនេះ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សបាន។ មន្រ្តីសុខាភិបាលរូបនេះ ក៏បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យបទដ្ឋានបច្ចេកទេសក្នុងការផលិតស្រាឱ្យបានត្រឹមត្រូវ មុននឹងចេញអាជ្ញាបណ្ណ ឱ្យមានសិប្បកម្មបិទស្រា។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យអ្នកលក់រាយស្រាស និង អ្នកទិញជៀសវាងលក់ និងពិសារស្រាសដែលមានប្រភពមិនច្បាស់លាស់។

សូមបញ្ជាក់ថា នាថ្មីៗនេះ នៅស្រុកទឹកផុស ខេត្តកំពុងឆ្នាំង មានករណីពុលស្រាស បណ្តាលឱ្យមានប្រជាពលរដ្ឋ ១៥នាក់ស្លាប់និងជាង៧០នាក់រងរបួសក្អួតចង្អោរ រហូតត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ករណីនេះ សមត្ថកិច្ច និងតុលាការក៏បានចាប់ឃុំខ្លួន ម្ចាស់ទីតាំងផលិតស្រាសម្នាក់ នៅក្នុងស្រុកទឹកផុសនេះ ដែលពាក់ព័ន្ធនឹងករណីពុលខាងលើផងដែរ៕