(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងអាវុធហត្ថស្រុកកៀនស្វាយ បានបន្តប្រតិបត្តិការបង្ក្រាបករណីរក្សាជួញដូរ និង ប្រេីប្រាស់ដោយខុសច្បាប់នូវសារ​ធាតុញៀនមួយករណី ដោយឃាត់បានជនសង្ស័យ២នាក់ ដកហូតបានថ្នាំមួយចំនួនធំ និងកាំភ្លើងច្នៃមួយដើម។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក អ៊ួន សុផាត មេបញ្ជាកការអាវុធហត្ថស្រុក ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្ត ដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយបញ្ជូនទៅតុលាការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះ ធ្វើឡើងបន្ទាប់ពីទទួលបានការណែនាំរបស់លោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី សំ តុលា ដែលតែងតែយកចិត្តទុកដាក់ ពិសេសលោកមេបញ្ជាការបានជំរុញ តាស់តឿនក្រើនរំលឹក ដល់ជំនាញ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ឲ្យធ្វើសកម្មភាពបង្ការ បង្ក្រាប សង្គ្រោះ ជាប្រចាំដូចភ្លៀងរលឹម។

មន្ដ្រីងាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួននេះ ឈ្មោះ ទុំ វុត្ថា អាយុ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ថុន រ័ត្ន អាយុ២១ឆ្នាំ រីឯបក្ខពួកម្នាក់ឈ្មោះ ហេង ម៉េងហុង ហៅអាខ្យង អាយុ២៨ឆ្នាំ រត់គេចខ្លួន។

ក្នុងនោះកម្លាំងជំនាញ ដកហូតបានថ្លាក្រាមពណ៌ស ចំនួន១១០កញ្ចប់ កាំភ្លើងច្នៃ១ដើម ដាវមួយ និងសម្ភារមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ទីរជំនាញអាវុធហត្ថខេត្តកំពុងចាត់ការបន្តតាមនីតិវិធី៕