(កំពត)៖ កម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ៣១៧ កោះស្លា បានចាប់វាយខ្នោះកូនប្រុស តិរិច្ឆានម្នាក់ ខណៈកំពុងកាន់​កាំបិតដេញ​កាប់ម្តាយ​កាលពីរសៀល ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុច​ភូមិតេជោអភិវឌ្ឍន៍ ​ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ។

លោកវរសេនីយ៍ទោ​​ ហែម ចាន់ដារ៉ា​ មេបញ្ជារង និងជាប្រធាន​មន្ទីរយុត្តិធម៌ (អ.ហ)ខេត្តកំពត​ បានប្រាប់​ឲ្យដឹងថា នៅវេលា​ម៉ោង០៨៖៣០នាទី​យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ មានករណីហិង្សា​ក្នុងគ្រួសារ ​កើតឡើង​នៅចំណុចភូមិ-ឃុំ កន្លែងឃាត់ខ្លួន​ជនល្មើស​ខាងលើ។

លោកវរសេនីយ៍ទោ​ ហែម ចាន់ដារ៉ា បន្តថា ជនសង្ស័យ ឈ្មោះ ហៀក សីហា​ អាយុ២២ឆ្នាំ បានធ្វើសកម្មភាព​ ដោយយកកាំបិត​ដេញកាប់ម្តាយជាជន​រងគ្រោះ​ឈ្មោះហៀកធារ៉ា​ តែមិន​បណ្តាលឱ្យ​រងរបួសទេ ​ពីព្រោះម្តាយ ​បានរត់គេច​ចូលទៅផ្ទះ​អ្នកជិត​ខាងឲ្យគេជួយ​អន្តរាគមន៍។

លោកវរសេនីយ៍ទោ បានបន្ថែមទៀតថា មូលហេតុដែលនាំឲ្យជនល្មើសរូបនេះ ដេញកាប់ម្តាយនោះដោយសារ ស្រវឹងស្រាជោគខ្លួន ហើយម្តាយស្តីប្រដៅ​បន្តិចបន្តួចមានចិត្តខឹងលុះមកដល់ថ្ងៃទី១២ម្សិលមិញ​ ទើបម្តាយជាជនរងគ្រោះ សម្រេចចិត្តមកដាក់ពាក្យបណ្តឹង នៅស្នាក់ការសន្តិសុខលេខ៣១៧ កោះស្លា។

បន្ទាប់ពីបានទទួលពាក្យបណ្តឹង កម្លាំង(អហ) ស្នាក់ការបានចុះទៅធ្វើការឃាត់ខ្លួន ជនល្មើសនិងវត្ថុតាង បញ្ជូនមកទីបញ្ជាការដ្ឋាន​កងរាជអាវុធ​ហត្ថខេត្ត។ បច្ចុប្បន្នមន្ទីរយុត្តិធម៌​(អហ)ខេត្ត បាននិង​កំពុងកសាង​សំណុំរឿងចាត់ការ​តាមនីតិវិធីច្បាប់៕