(ភ្នំពេញ)៖ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ ដែលកំពុងចោទជាបញ្ហាដ៏ធ្ងន់ធ្ងរមួយនៅកម្ពុជានោះ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការ Asia Pacific International Wine and Spirits Alliance (APIWSA) ផលិតវីដេអូអប់រំ ខ្លីៗចំនួន១០ អប់រំពីសុវត្ថិភាពចរាចរក្នុងពេលបើកបរលើដងវិថី ហើយនឹងត្រូវផ្សព្វផ្សាយជាសាធារណៈតាមកញ្ចក់ទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយនានា ព្រមទាំងកន្លែងលក់ម៉ូតូផងដែរចាប់ពីឆ្នាំ២០១៧តទៅ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគគ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយអង្គការ APIWSA ដើម្បីធ្វើយុទ្ធនាការអប់រំពីសុវត្ថិភាពចរាចរណ៍នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណ ការ និងដឹកជញ្ជូន បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បានក្លាយទៅជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយលើអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលមានតួនាទីជាអនុប្រធានគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរនោះ បានឲ្យដឹងថា មានអ្នកធ្វើដំណើរជាមធ្យម ៥នាក់ក្នុងមួយថ្ងៃបានស្លាប់បាត់បង់ជីវិតលើដងវិថី ដោយសារគ្រោះថ្នាក់ចរាចរ។ លោកទេសរដ្ឋមន្រ្តី ក៏បានឲ្យដឹងផងដែរថា តាមការវាយតម្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី គ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឲ្យកម្ពុជាខាតបង់ថវិកាប្រមាណជា ៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

លោកទេសរដ្ឋមន្រ្តី ក៏បានឲ្យដឹងដែរថា គ្រោះថ្នាក់ចរាចរនេះ ក៏បានក្លាយជាឧបសគ្គក្នុងការអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រី ក្ររបស់រាជរដ្ឋាភិបាលផងដែរ។ លោកថា គ្រោះថ្នាក់ចរាចរ បានបន្សល់ឲ្យមានស្រ្តីមេមាយ និងកុមារកំព្រាជាច្រើននាក់។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា បើទោះបីកម្ពុជាមានច្បាប់ចរាចរណ៍ល្អ តែអត្រាគ្រោះថ្នាក់ចរាចរមិនអាចថមថយឡើយ ប្រសិនបើអ្នកបើកបរមិនយល់ដឹងពីច្បាប់ និងការអនុវត្តច្បាប់មិនល្អប្រសើរទេនោះ។

បើតាមលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ព្រោះតែចង់បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋពីច្បាប់ចរាចរណ៍នេះ ទើបក្រសួងសហការ ជាមួយអង្គការ APIWSA ផលិតវីដេអូអប់រំពីសុវត្ថិភាពចរាចរណ៍ក្នុងពេលបើកបរនេះឡើង។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងថា វីដេអូ ដែលមានការចូលរួមសម្តែងពីតារាល្បីៗនៅកម្ពុជា មានចំនួន១០វីដេអូ ក្នុងនោះវីដេអូចំនួន៣ អប់រំពីគ្រោះថ្នាក់ពីការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ហើយវីដេអូចំនួន៧ អប់រំពីច្បាប់ចរាចរណ៍។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថាវីដេអូអប់រំពីសុវត្ថិភាពចរាចរណ៍ក្នុងពេលបើកបរនេះ នឹងត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាម កញ្ចក់ទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយនានា ព្រមទាំងតាមបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

បើតាមលោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ផងដែរថា វីដេអូអប់រំស្តីពីច្បាប់ចរាចរណ៍នឹងត្រូវយកទៅដាក់នៅគ្រប់កន្លែងលក់ម៉ូតូ ដើម្បីដាក់ឲ្យអ្នកទៅទិញម៉ូតូកម្លាំងក្រោម ១២៥សេសេ បានទស្សនាវីដេអូអប់រំនោះ ហើយក៏តម្រូវឲ្យពួកគេឆ្លើយសំណួរមួយចំនួនផងដែរ មុននឹងឲ្យម៉ូតូចេញពីកន្លែងលក់។ លោក ស៊ុន ចាន់ថុល ថាការធ្វើបែបនេះ ដើម្បីឲ្យប្រជាពលរដ្ឋ ដែលទទួលការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មិនឲ្យធ្វើប័ណ្ណបើកបរម៉ូតូនោះ បានយល់ដឹងពីច្បាប់ចរាចរណ៍កាន់តែច្រើន។

លោក Cyril Sayang នាយកអង្គការ APIWSA បានសម្តែងការរីករាយ ដែលបានចូលរួមសហការជាមួយក្រសួងសាធាណការផលិត សារអប់រំស្តីពីច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជា។ លោក Cyril Sayang បានបញ្ជាក់ថា សារអប់រំទាំងនេះ នឹងត្រូវផ្សព្វផ្សាយបញ្ជ្រៀងតាមសាលារៀន ថ្នាក់ឧត្តមសិក្សា ទីកន្លែងកម្សាន្តភោជនីយដ្ឋាន។

នាយកអង្គការ APIWSA បានឲ្យដឹងដែរថា យុទ្ធនាការអប់រំពីសុវត្ថិភាពក្នុងការបើកបរនេះ ក៏នឹងមានការផ្សព្វផ្សាយការយល់ដឹងអំពីសុវត្ថិភាពអ្នកបើកបរ ដោយប្រើប្រាស់ស្លាកសញ្ញាសុវត្ថិភាពចរាចរណ៍បិតភ្ជាប់ម៉ូតូរ៉ឺម៉ក កម្មវិធីសម្តែងល្ខោននៅថ្នាក់វិទ្យាល័យ បិតផ្សាយផ្ទាំងរូបភាពអប់រំក្នុងភោជនីយដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយការបោះពុម្ពផ្សាយ ផ្ទាំងប៉ាណូ និងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម។

ទាំងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ អគ្គស្នងការដ្ឋាននគរបាលជាតិ សុទ្ធតែបានបង្ហាញការជឿជាក់ថា ខ្សែវីដេអូអប់រំនេះ នឹងចូលរួមអប់រំប្រជាពលរដ្ឋកម្ពុជា ឲ្យយល់កាន់តែច្រើនពីច្បាប់ចរាចរណ៍នៅកម្ពុជា និងក្រើនរំលឹកឲ្យអ្នកបើកបរនៅកម្ពុជាមានស្មារតីខ្ពស់ ក្នុងពេលពេលបើកបរ។ តាមរយៈវីដេអូអប់រំនេះ ក៏រំពឹងចូលរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ នៅកម្ពុជាផងដែរ។

ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា រយៈពេល១១ខែ ឆ្នាំ២០១៦នេះ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួន១៥៧៦នាក់ និងរបួសចំនួន៥៩៦២នាក់ តែចំនួននេះមានការថយចុះប្រើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥។ បើតាមលោកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន គ្រោះថ្នាក់ចរាចរណ៍រយៈពេល១១ខែនេះ កើតឡើង៣,៣៣៨លើក ធៀបឆ្នាំ២០១៥ ថយចុះចំនួន៤៥១លើក។

ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរនោះ និងបញ្ជ្រៀបច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ចូលរួមផ្សព្វផ្សាយខ្សែវីដេអូអប់រំដែលបានផលិតឡើងនេះឲ្យបានកាន់តែទូលំទូលាយ៕