(សៀមរាប)៖ សហអធិបតីភាពចំនួន ៣រូប មានលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានចូលរួមជាបើកកិច្ចប្រជុំពិភាក្សាការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០១៦ ជាមួយផ្នែកឯកជននានាជុំវិញខេត្ត ដើម្បីបន្តពង្រឹងសេវាកម្ម ក៏ដូចជាគោលដៅទេសចរណ៍ក្នុងខេត្តបន្ថែមទៀត។

កិច្ចប្រជុំពិភាក្សាខាងលើ ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាខេត្តសៀមរាប ដោយមានការចូលរួមភាគីពាក់ព័ន្ធមួយចំនួន ដូចជាអាជ្ញាធរអប្សរា គ្រឹះស្ថានអង្គរ ក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍។

លោករដ្ឋមន្រ្តី ថោង ខុន បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះ ភាគីពាក់ព័ន្ធទាំងអស់បានពិគ្រោះពិភាក្សាគ្នាយ៉ាងផុសផុល លើការបន្តជំរុញការអភិវឌ្ឍគោលដៅទេសចរណ៍ ក្នុងខេត្តសៀមរាប ប្រកបដោយនិរន្តភាព គុណភាព និងបង្កើនភាពទាក់ទាញ ដើម្បីធានាកំណើនភ្ញៀវទេសចរ ឲ្យបានជាប់ជាប្រចាំ។

លោករដ្ឋមន្រ្តីបានបន្តថា កិច្ចប្រជុំនាថ្ងៃនេះ ក៏មានការជំរុញយុទ្ធនាការទីក្រុងស្អាត និងបៃតង ការរៀបចំសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពទាក់ទាញ តាមរយៈការវិនិយោគទាំងនៅតំបន់សៀមរាប និងជុំវិញទីក្រុង ព្រមទាំងតំបន់ទន្លេសាប ក៏ត្រូវបានយកចិត្តទុកដាក់ពិភាក្សាយ៉ាងផុលផុស ផងដែរ។

ព្រមជាមួយនេះ ការពង្រឹង និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍គ្រប់ប្រភេទ តាមរយៈការអនុវត្តសេវា «ស្តង់ដារមួយ បុគ្គលិកម្នាក់ ជំនាញមួយ» ការពង្រឹងការគ្រប់គ្រងសេវាកម្មទេសចរណ៍ តាមប្រព័ន្ធ Online និងការជំរុញផ្សព្វផ្សាយ តាមគ្រប់មធ្យោបាយទៅកាន់ទីផ្សារទេសចរសំខាន់ៗ ក៏ត្រូវបានអង្គប្រជុំឯកភាពគ្នា បន្តអនុវត្តថែមទៀតដែរ។

ភាគីពាក់ព័ន្ធទាំងនោះ ក៏បានរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា និងបានលើកឡើងនូវសំណូមពរ ការលំបាក និងការងារសេសសល់មួយចំនួន ដូចជាបញ្ហាអនាម័យបរិស្ថាននៅតំបន់ចុងឃ្នាស, ការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍, ការជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍ភ្នំគូលែន, ការរៀបចំរបៀបរៀបរយតាមដងផ្លូវសាធាណរៈ, សណ្តាប់ធ្នាប់អនាម័យសាធារណៈ នៅតំបន់ Pub Street, ការដំឡើងប្រពន្ធ Internet WiFi នៅតំបន់អង្គរ, ជំរុញការបណ្តុះបណ្តាធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ឲ្យបានគ្រប់គ្រាន់តាមសំណូមពរទីផ្សារការងារ, ការសុំអនុគ្រោះឲ្យមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានអតីតភាព១៥ឆ្នាំ បានចូលរៀនវគ្គមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ដោយស្វ័យប្រវត្តិផងដែរ៕