(ភ្នំពេញ)៖ ក្រៅពីចូល​បង្គំគាល់ព្រះមហាក្សត្រខ្មែរ និងជួបពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន ក៏នឹងមានជំនួបជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ផងដែរ។ នេះបើតាមការបង្ហើបដោយ មនុស្សជំនិតរបស់អ្នកឧកញ៉ា គិត ម៉េង។

ប្រភពខាងលើ បានឱ្យដឹងទៀតថា អ្នកឧកញ៉ា​ គិត ម៉េង និងប្រតិភូរបស់ សភាពាណិជ្ជកម្មកម្ពុជា ៦រូបផ្សេងទៀត នឹងចូលជួបជាមួយ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីកិច្ចការសំខាន់មួយចំនួន ដែលនឹងហុច ផលដល់ការវិនិយោគរបស់ប្រទេសទាំងពីរ។

សូមបញ្ជាក់ថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បុរសខ្លាំងរបស់ ហ្វីលីពីន នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ ដើម្បីធ្វើទស្សនកិច្ច២ថ្ងៃ។ អំឡុងទស្សនកិច្ចនេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ និងជួបពិភាក្សា ការងារទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បន្ទាប់ពីនោះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និង អនុស្សារណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា។

លោក ខៀវ កាញារីទ្ធ បានថ្លែងថា អំឡុងទស្សនកិច្ចនេះ លោក ឌូតឺតេ ក៏នាំស្តេចប្រដាល់ ប៉ាគីអាវ មកជាមួយដែរ៕