(ភ្នំពេញ)៖ ទេយ្យទាន ក៏ដូចជាទេយ្យវត្ថុជាច្រើន និង គ្រឿងឧបភោគបរិភោគ រួមជាមួយសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួនធំ ត្រូវបានព្រះចៅអធិការវត្តសន្សំកុសលប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដើម្បីយកទៅប្រើប្រាស់ក្នុងការបន្តសកម្មភាពមនុស្សធម៌ ចែកជូនដល់ពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន។

ពិធីប្រគល់ទេយ្យទានជូនដល់កាកបាទក្រហមខណ្ឌមានជ័យនៅពេលនេះ ធ្វើឡើងក្រោមវត្តមានលោកពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសកាកបាទក្រមកម្ពុជាប្រចាំខណ្ឌ និងលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមប្រចាំខណ្ឌ រួមទាំងសមាជិកសមាជិការចម្រុះជាច្រើនរូបទៀតផងដែរ។

លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមប្រចាំខណ្ឌ បានអោយដឹងថា ទេយ្យទាន ទេយ្យវត្ថុ ដែលប្រគល់ជូននៅពេលនេះរួមមាន អង្គរទម្ងន់ ៥០គីឡូក្រាម ចំនួន ១០ប៉ាវ ទឹកត្រី ត្រីស៊ីអីុវ ទឹកក្រូច ទឹកដោះគោ មី តែ ប៊ីចេងស្ករ កាំសៀវ ប៉ាន់តែ ឆ្នាំ និងគ្រេឿងសម្ភារះប្រើប្រាស់មួយចំនួនធំទៀតផងដែរ។

លោក ពេជ្រ កែវមុនី បានសម្តែងនូវអារម្មណ៍រីករាយសោមនស្សរីករាយយ៉ាងក្រៃលែងបំផុត នូវទឹកព្រះទ័យករុណាទិគុណរបស់ ព្រះចៅអធិការវត្តសន្សំកុសល ដែលបានមានសន្ធារជ្រះថ្លាបានផ្តល់នូវទេយ្យទាន ក៏ដូចជាទេយ្យវត្ថុ ដ៏ថ្លៃថ្លាទាំងអស់នេះ ជូនដល់កាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌របស់អាជ្ញាធរខណ្ឌទាំងមូល។ ហើយការប្រគល់ទេយ្យទាននៅពេលនេះ គឺជាលើកទី៣ហើយ សម្រាប់វត្តសន្សំកុសល ដែលបានប្រគល់ជូនខណ្ឌមានជ័យ តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាប្រចាំខណ្ឌ។ ហើយលោកសន្យាថា នឹងនាំអំណោយទាំងនេះ ចែកជូនដល់ពលរដ្ឋ ដោយផ្ទាល់តែម្តង។

ព្រះបវរមុនី ជិត សុផៃ ព្រះចៅអធិការវត្តសន្សំកុសល បានមានថេរដីការ អោយដឹងថា ទេយ្យទាន ក៏ដូចជាទេយ្យវត្ថុដែលត្រូវបានប្រគល់ជូននៅពេលនេះ គឺជាកុសលផលបុណ្យរបស់ញាតិញោមពុទ្ធិបរស័ទជិតឆ្ងាយ ដែលបានយកមកវេរប្រគេនដល់គណៈសង្ឃក្នុងវត្ត ក្នុងការឧទ្ធិលកុសលផលបុណ្យជូនដល់ ញាតិការទាំង៧សណ្តានរបស់ពួកគេ ដែលបានចែកកាយរំលាយឋាន ទៅកាន់បរលោកនៅជាតិខាងមុន។ ដូច្នេះហើយ កុសលផលបុណ្យទាំងនេះ ក្នុងនាមជាព្រះសង្ឃដែលគោរពនូវព្រះពុទ្ធសាសនា ក៏សុំធ្វើការវេរប្រគល់បន្តទៅកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដើម្បីទៅប្រើប្រាស់បន្តក្នុងផលល្អ ពិសេសសកម្មភាពមនុស្សធម៌ ក្នុងការចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ កំពុងជួបការខ្វះខាតលំបាកតែម្តង៕