(ក្រចេះ)៖ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្ត បានដាក់ផែន​ការឲ្យនគរបាលអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល សហការជាមួយប្រជាការពារ ទាំង២​ឃុំ សិក្សាតំបន់ដែល​ងាយរងគ្រោះ ដើម្បីមានវិធានដាក់គោលដៅការការពារសន្តិសុខ​​ ឲ្យបាន​ល្អប្រសើរ កុំឲ្យមានបទល្មើសផ្សេងៗកើតឡើងជាដាច់ខាត។

ការ​ជំរុញបែបនេះ របស់លោកឧត្តមសេនីយ៍ត្រី ​ស្នងការ​ខេត្ត ​បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយប្រជាការពារមកពីឃុំ ចំនួន២ គឺឃុំ២ធ្នូ និងឃុំស្នួល មានចំនួន២៧០​នាក់ នៅរសៀលថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០១៦នេះ នៅក្នុង​បរិវេណអធិការដ្ឋាននគរបាលស្រុកស្នួល។

ឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្ត បានដាក់ទិសដៅផែន​ការមួយចំនួនបន្ថែមទៀត សម្រាប់នគរបាលប៉ុស្តិ៍ ក៏ដូចជាប្រជា​ការពារត្រូវរួមគ្នា អនុវត្តដូចជា ការអនុវត្តគោល​នយោបាយ​ភូមិ-មានសុវត្ថិភាពដែលជា គោលនយោបាយ​រួមរបស់ក្រសួងមហាផ្ទៃ ​​សហការជាមួយ​នគរបាលប៉ុស្តិ៍មូលដ្ឋាន ល្បាតចំហរ សម្ងាត់ ពិសេសគោលដៅងាយរងគ្រោះ ដូចជាកន្លែងទិញលក់ដំឡូងមី និង​តាមទីប្រជុំជនជាដើម។

បន្ថែមពីលើនេះ លោកឧត្តមសេនីយ៍​​ បានផ្តល់​វិទ្យុទាក់ទង៧គ្រឿង ដល់ប្រជាការពារទាំង២​ឃុំ និងថវិកាសម្រាប់ផ្គត់ផ្គង់​ចំនួន២លានរៀល​ ​សារ៉ុង២​ ព្រមទាំងផ្តល់ថវិការបន្ថែមម្នាក់មួយម៉ឺនរៀល។

ជាងនេះទៅទៀត លោកស្នងការ ក៏បានស្នើរឲ្យប្រជា​ការពារតាមភូមិ-ឃុំទាំងអស់​ ទំនាក់ទំនងមកនគរបាល ដូចជាការក្តាប់មុខ សញ្ញាគ្រប់ប្រភេទពិសេសមុខសញ្ញាប្លែកមុខ ចូលមកក្នុងមូលដ្ឋាន ដោយត្រូវរាយការណ៍ ព័ត៌មាននគរបាលដើម្បីមានវិធានការទាន់ពេល ខណៈដែលមានតំបន់ខ្លះ មានភូមិសាស្រ្តទូលាយមានអ្នកចំណូលស្រុកច្រើន មករស់នៅតាមតំបន់មួយចំនួនដែលមិន​ទាន់រៀបរយ អាចធ្វើឲ្យមានការគ្រប់គ្រងរដ្ឋបាល មិនច្បាស់លាស់៕