(ប៉ៃលិន)៖ លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន និងលោក ផង់ ជឿម នាយការិយាល័យនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន បានដឹកនាំកម្លាំង ចុះធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀន ចំនួនមួយកន្លែងនៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិអូរអិល សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតវត្ថុតាងគ្រឿងញៀន ចំនួន១៧គ្រាប់ និងសម្ភារមួយចំនួនធំ។

លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១២ ខែធ្នូ នេះថា ជនសង្ស័យត្រូវបានសមត្ថកិច្ច យើងចាប់បាន មានឈ្មោះ អឺប សាលី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ចាប់ហួយ និងដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីនWY ចំនួន១៧គ្រាប់ លុយខ្មែរ៥៣ម៉ឺនរៀល ទូរស័ព្ទដៃម៉ាក Huawei ១គ្រឿង និងទូរស័ព្ទដៃម៉ាក Samsung ១គ្រឿង និងម៉ាក Hello១គ្រឿង។

ក្រោយពីឃាត់ខ្លូនស្ត្រីសង្ស័យខាងលើនេះ បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចជំនាញ ថា គ្រឿងញៀន និងវត្ថុតាងទាំងអស់ពិតជា របស់ខ្លួនពិតប្រាកដមែន។

 បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសាងសំណុំរឿងស្ត្រីសង្ស័យ និងវត្ថុតាងទាំងអស់បញ្ជូនទៅកាន់ សាលាដំបូងខេត្តចាត់ការតាម និតិវិធីច្បាប់៕