(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យចំនួន១១គ្រួសារ ដែលកំពុងជួបការលំបាក និងជនចាស់ជរា បានទទួលអំណោយជាច្រើនពីសប្បុរសជនក្នុងស្រុក តាមរយៈក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានកាកបាទក្រហមខេត្ត។

ការនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋខាងលើ ធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ នៅភូមិអូរអំបិល ឃុំអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក លី សារី បានថ្លែងថា ទីណាមានប្រជាពលរដ្ឋជួបការពិបាក និងគ្រោះមហន្តរាយផ្សេងៗ នៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចតាមបណ្តាលខេត្តផ្សេង ជុំវិញប្រទេសកម្ពុជា គឺមានកាកបាទក្រហមកម្ពុជា ចុះជួយជាក់ជាមិនខាន។

លោកអភិបាលរងខេត្តបានបន្តថា គ្រឿងឧបភោគ-បរិភោគទាំងនេះ គឺខាងសប្បុរសជននៅក្នុងខេត្តបន្ទាយមានជ័យ ដែលបានចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុង១គ្រួសារៗ ទទួលបានអង្ករ ៣០គីទ្បូក្រាម ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី ៦ដប មីកញ្ចប់ ៣០កញ្ចប់ ព្រមទាំងថវិកាមួយចំនួនទៀត៕