(ភ្នំពេញ)៖ ស្រ្តីម្នាក់បានស្រែកអំពាវនាវដល់ថ្នាក់ដឹកនាំ ដើម្បីជួយអន្តរាគមន៍ផង ដោយសារតែប្តីរបស់គាត់ រួមនឹងគាត់ត្រូវមនុស្សមួយក្រុម ព្រួតវាយដល់ក្នុងផ្ទះ ស្រាប់តែត្រូវបានកម្លាំងសមត្ថកិច្ច មកចាប់ប្តីរបស់គាត់ រួចហើយបញ្ជូនទៅតុលាការ រហូតត្រូវបានតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារ មកដល់ថ្ងៃនេះមិនទាន់ត្រូវបានដោះលែងនៅឡើយទេ។

ស្រ្តីជាប្រពន្ធឈ្មោះ សុ ចិន្តា បានរៀបរាប់ថា ពួកគេទាំង២នាក់ ត្រូវបាន១ក្រុមមានគ្នា៣នាក់លើកគ្នាទៅព្រួតវាយទាត់ធាក់យ៉ាងដំណំ ទាំងមិនដឹងមូលហេតុ បណ្ដាលឲ្យបែកមុខហូរឈាមសស្រះ និងរងរបួសពេញខ្លួន។ បង្កអំពើហិង្សាខាងលើ មិនអស់ចិត្តហើយ ក្រុមជនបង្កថែមទាំងទៅប្ដឹងកម្លាំងសមត្ថកិច្ច ឲ្យចាប់ខ្លួនប្តីរបស់គាត់មានឈ្មោះសារុន ធន អាយុ៣៤ឆ្នាំ បញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ ទាំងដែលមិនទាន់រុំរបួសរួចស្រួលបួលថែមទៀត។

ពរកូននៅនឹងដៃស្រ្តីជាប្រពន្ធបានថ្លែងប្រាប់ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ប្ដីរបស់គាត់បានទៅបើកហាងកាត់សក់ដូចសព្វដង ជាមួយគាត់ និងកូនតូច លុះដល់ម៉ោង១០ព្រឹក មានជនបង្កមួយក្រុមមានគ្នា៣នាក់ ជាប្ដីប្រពន្ធនឹងគ្នា ប្តីមានឈ្មោះ សេង សុឡា ជាជាងកាត់សក់ដូចគ្នាដែរ បានជិះម៉ូតូ១គ្រឿង ម៉ាក SUZUKI Next ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CY-5470 មកឈប់មុខហាងកាត់សក់របស់គាត់ ហើយស្រែកជេប្រមាថលើពួកគាត់។

ស្រ្តីជាប្រពន្ធបន្តថា បន្ទាប់ពីជេរប្រមាថហើយ ជនបង្កទាំងពីរនាក់ បានដើរចូលទៅក្របួចអាវប្តីរបស់គាត់ ដែលអង្គុយនៅលើកៅអីកាត់សក់ និងវាយទៅលើប្ដីរបស់គាត់ បង្កឲ្យមានការប្រតាយប្រតប់គ្នាទៅវិញទៅមក ស្រាប់តែប្អូនរបស់ជនបង្ក ឈ្មោះ សុភក្រ្តា បានមកព្រួតគ្នាវាយប្ដីរបស់គាត់បន្ថែមទៀត ដោយយកក្បាលខ្សែក្រវ៉ាត់វាយទៅលើប្តីរបស់គាត់ ដែលមានគ្នាតែម្នាក់ឯង បណ្តាលឱ្យបែកមុខក្រោមភ្នែកខាងស្តាំ។

ឃើញដូច្នេះ ស្រ្តីជាប្រពន្ធដែលកំពុងបំបៅដោះកូននៅនឹងដៃ ក៏ស្ទុះទៅជួយប្តីរបស់គាត់ ខ្លាចក្រែងគេវាយស្លាប់ តែត្រូវប្អូនជនបង្កបានវាយដំទៅលើគាត់ ដែលជាស្រ្តីទន់ខ្សោយ និងសរសៃខ្ចីផងនោះ នឹងក្បាលខ្សែក្រវ៉ាត់ បណ្តាលឱ្យបាក់ធ្មេញអស់២ ថែមទៀត។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមជនបង្កបានចាប់ក្រៀកកប្តីរបស់គាត់ វាយឲ្យរបួសធ្ងន់ធ្ងរជាច្រើនកន្លែង ខណៈនោះក៏មានប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានរត់ទៅជួយបំបែកចេញ ទើបក្រុមជនបង្កអស់ឱកាសវាយដំតទៅទៀត។

បន្ទាប់ពីមានហេតុការណ៍នេះ ស្រ្តីរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ប៉ុន្តែពួកគាត់បានរង់ចាំអស់រយៈពេល ជាង១ម៉ោង ក៏នៅតែមិនឃើញក្រុមជនបង្កមកចូលមកដោះស្រាយសោះ។ សមត្ថកិច្ចដេញឲ្យពួកគាត់ ទៅលាងរបួសចេញសិន ដោយបញ្ជាក់ថា ចាំបាយថ្ងៃត្រង់ហើយ ចាំត្រឡប់មកវិញម្តងទៀត។

អ្វីដែលគួរឲ្យខ្លោចផ្សារនោះ គ្រូពេទ្យកំពុងរុំរបួសមិនទាន់ហើយស្រួលបួលផង ក៏ស្រាប់តែមានកម្លាំងសមត្ថកិច្ចមួយក្រុម ចូលទៅចាប់ខ្លួនពួកគាត់ តាមពាក្យបណ្ដឹងរបស់ជនបង្ក តែដោយបានអ្នកជិតខាងជួយឃាត់យ៉ាងរឹងមាំ ទើបកម្លាំងសមត្ថកិច្ចខាងលើ ព្រមដោះលែងប្រពន្ធ ចាប់យកតែប្តីយកទៅបាត់។

ដោយមិនដឹងរកវិធីដោះស្រាយយ៉ាងណា បើខ្លួនបីកូនតូចនៅនឹងដៃ របស់របរខ្ទិចខ្ទីអស់ ស្រ្តីជាប្រពន្ធបានថ្លែងអង្វរយ៉ាងទទូចទាំងទឹកភ្នែក ដង្ហើយរកការជួយអន្តរាគមន៍ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងពីរ តែងតែបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗគ្នា ដើម្បីជួយរកយុត្តិធម៌ដល់គ្រួសាររបស់ពួកគាត់ ដែលមានតែ២នាក់ប្ដីប្រពន្ធ និងកូនតូចនេះ។

ជុំវិញបញ្ហានេះ អង្គភាព Fresh News នៅមិនទាន់អាចសុំការបំភ្លឺពី ភាគគីម្ខាងទៀតបាននោះទេ ដោយសារតែគ្មានលេខទំនាក់ទំនង៕