(ភ្នំពេញ)៖ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ បានប្រកាសសាលក្រមសម្រេចតម្កល់សាលក្រមព្រហ្មទ័ណ្ឌផ្ដន្ទាទោសឧកញ៉ា ខូវ ផល្លាបុត្រ ឲ្យជាប់ពន្ធនាគារ២០ឆ្នាំដដែល ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភ និងសម្លាប់ភរិយានិងកូនស្រីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

សេចក្ដីសម្រេចនេះធ្វើឡើងទាំងកំបាំងមុខជនជាប់ចោទ តែត្រូវបានចាត់ទុកជាចំពោះមុខ។

សូមរំលឹកថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបើកសវនាការលើបណ្ដឹងទាស់របស់ឧក ញ៉ា ខូវ ផល្លាបុត្រ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ឆ្នាំ ពាក់ព័ន្ធករណីរៀបចំគម្រោង រំលោភ និងសម្លាប់ភរិយា និង កូនស្រីលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

សវនាការលើបណ្ដឹងទាស់នេះដឹកនាំដោយលោកចៅក្រម សាន សុផាត និងតំណាងអយ្យការលោកសៀង សុខ ពុំមានវត្តមានជនជាប់ចោទទេ តែមានមេធាវីតំណាងលោកឧកញ៉ា ខូវ ផល្លាបុត្រ គឺលោកមេធាវី លឹម វណ្ណា។ ក្នុងសវនាការលោកមេធាវី លឹម វណ្ណា បានសុំ តុលាការទម្លាក់ចោលការចោទប្រកាន់ ផ្ទុយពីតំណាងអយ្យការលោក សៀង សុខ បានស្នើឲ្យតុលាការតម្កល់ទុកសេចក្ដីសម្រេចរបស់តុលាការព្រហ្មទ័ណ្ឌទុកជាបានការដដែល។

សូមបញ្ជាក់ថាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានសម្រេចផ្តន្ទាទោសលោកឧកញ៉ា ខូវ ផល្លាបុត្រ និងអ្នកស្រី ឡាយ ហួង ដាក់ពន្ធនាគារក្នុងម្នាក់ៗ ២០ឆ្នាំ ពាក់ព័ន្ធសំណុំរឿងរៀបចំគម្រោងរំលោភសេពសន្ថវៈ និងសម្លាប់កូនស្រី និងភរិយាលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល។

អ្នកស្រី ឡាយ ហួង បានប្តឹងទាស់លើសេចក្តីសម្រេចសាលាដំបូងរហូតដល់តុលាការកំពូល តែសុទ្ធតែត្រូវចៅក្រមច្រានចោល បណ្តឹងទាស់នេះ ហើយរក្សាការសម្រេចរបស់សាលាដំបូងជាបានការដដែល។ ដោយឡែកឧកញ៉ា ខូវ ផល្លាបុត្រ មិនទាន់មានការចាប់ខ្លួននៅឡើយទេមកដល់បច្ចុប្បន្ននេះ ហើយកំពុងរត់គេចខ្លួននៅក្រៅប្រទេស។

ក្រៅពីលោកស្រី ឡាយ ហួង និងឧកញ៉ា ខូវ ផល្លាបុត្រ មានមនុស្ស ៤នាក់ផ្សេងទៀត ក៏ត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។ ជនទាំង ៤នាក់នោះរួមមាន៖ អ្នកស្រី សេង ច័ន្ទដា សុខ ឡាក់ ច័ន្ទ សុខា និង នាង ស៊ីណាត ត្រូវបានតុលាការផន្ទាទោសដាក់ពន្ធនាគារចន្លោះពី ១៨ឆ្នាំ ដល់២០ឆ្នាំ ហើយសាលក្រម ក៏បានចូលជាស្ថាពរផងដែរ ពោលគឺមិនមានឱកាសប្តឹងតវ៉ាទៀតនោះទេ៕