(ភ្នំពេញ)៖ ក្រសួងព័ត៌មាន គ្រោងនឹងរៀបចំកម្មវិធីជួបជុំពិសារអាហារ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយតំណាងសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ខ្នាតធំលើកដំបូង នៅពាក់កណ្តាលខែមករា ឆ្នាំ២០១៧ ខាងមុខនេះ។ ប៉ុន្តែគម្រោងនេះ រង់ចាំការសម្រេចពីសម្តេចតេជោ ហ៊ុន សែន ជាមុនសិន។ នេះបើតាមការប្រកាសរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងកិច្ចប្រជុំមួយ។

លោក គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានអះអាងនៅលើទំព័រ Facebook នៅថ្ងៃទី១២ ខែធ្នូនេះថា ដំណឹងនេះ ត្រូវបានប្រកាសដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងកិច្ចប្រជុំមួយ។ លោកថា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសក្នុងកិច្ចប្រជុំថា នៅអំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០១៧ខាងមុខ ក្រសួងព័ត៌មាននឹងរៀបចំព្រឹត្តិការណ៍ជួបជុំអ្នកកាសែតជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនេះជាការជួបជុំជាលើកទី១។

លោក កឹម គុណវឌ្ឍ បានបញ្ជាក់បន្ថែមថា សមាសភាពអ្នកចូលរួមក្នុងកម្មវិធីជួបជុំនេះរួមមាន ឥស្សរជនអតីតជាអ្នកដឹកនាំកាសែត , អ្នកកាសែតក្នុងស្រុកល្បីៗ , អ្នកអត្ថាធិប្បាយវិទ្យុ ទូរទស្សន៍, អ្នកថតរូប ថតទូរទស្សន៍, អ្នកកាសែត , និពន្ធនាយកកាសែត ទស្សនាវដ្តី , អ្នកនាំពាក្យ តាមស្ថាប័នក្រសួង រាជធានីខេត្ត ,ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត , អ្នកកាសែត on-line ប្រមាណជាជាង៧០០នាក់៕