(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសមជាមួយ លោក កែវ រ៉េមី ប្រធានកីឡាតៃក្វាន់ដូ អាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ លោក គឹម ជុងហូ ប្រធានកីឡាតៃក្វាន់ដូ អាធីអែហ្វអាស៊ី បានសម្ដែងនូវក្ដីសង្ឃឹមថា លោក កែវ រ៉េមី នឹងជំរុញឲ្យវិស័យតៃក្វាន់ដូ នៅក្នុងអាស៊ីអាគ្នេយ៍នេះ ឲ្យកាន់តែរីកចម្រើនខ្លាំងជាងនេះ។

លោក កែវ រ៉េមី ប្រធានកីឡាតៃក្វាន់ដូ អាស៊ីអាគ្នេយ៍ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបយ៉ាងដូច្នេះថា «ដោយសារតែខ្ញុំទើបបានតែងតាំង ជាប្រធានកីឡា តៃក្វាន់ដូ អាស៊ីអាគ្នេយ៍ អញ្ចឹងក្នុងជំនួបសំណេះសំណាលនេះ គាត់ផ្ដល់ក្ដីសង្ឃឹមដល់ខ្ញុំ ក្នុងការជំរុញតៃក្វាន់ដូក្នុងអាស៊ីអាគ្នេយ៍នេះ ឲ្យមានការរីកចម្រើន ថែមទៀត មិនត្រឹមតែនៅក្នុងកម្ពុជានោះទេ គឺផ្ដល់ក្ដីសង្ឈឹមទាក់ទងទៅការដឹកក្នុងអាណ្ណត្តិរបស់ខ្ញុំនេះ ទៅលើបណ្ដាប្រទេសជាច្រើននៅក្នុងអាស៊ីអាគ្នេយ៍នេះ ដើម្បីរៀបចំឲ្យមានព្រឹត្តិការណ៍ តៃក្វាន់ដូនៅបណ្ដាប្រទេសផ្សេងទៀត បន្ទាប់ពីកម្ពុជា»

លោក គឹម ជុងហូ ប្រធានកីឡាតៃក្វាន់ដូ អាធីអែហ្វអាស៊ី បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះកម្ពុជា នូវការហក់ឡើងខ្ពស់ចំពោះកីឡាតៃក្វាន់ដូ នៅមួយរយៈពេល ចុងក្រោយនេះ ព្រមទាំងកីឡាស្ទើតែទាំងអស់នៅកម្ពុជាផងដែរ។ ជាមួយគ្នានោះ លោក កែវ រ៉េមី បញ្ជាក់ថា នេះដោយសារតែស្ថិតក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ទើបវិស័យកីឡាមានការរីកចម្រើនយ៉ាងនេះ។

ជាងនេះទៅទៀត លោក កែវ រ៉េមី បន្ថែមថា កម្ពុជានឹងធ្វើការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងប្រទេសនៅក្នុងតំបន់អាស៊ី អាស៊ីអាគ្នេយ៍ ហើយក៏អាចនឹងមានការផ្លាស់ប្ដូរជាមួយបណ្ដាប្រទេសនៅតំបន់ផ្សេងទៀត ដូចជាអ៊ឺរ៉ុប និងអាហ្វ្រិចផងដែរ៕