(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជាង១ពាន់នាក់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានសម្ដែងការរំភើបរីករាយ និងថ្លែងអំណរគុណ ចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានចាត់ឲ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ និងព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

ការថ្លែងអំណរគុណនេះ បន្ទាប់ពីនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ១០៨នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅឃុំសាមគ្គី ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ​ចំនួន១៣២៣នាក់ ក្នុងនោះស្រ្តីមានចំនួន៧៦០នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផងដែរ។

អ្នកស្រី នាង ឈឺន ប្រជាពលរដ្ឋដែលរស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹង «ថ្ងៃនេះខ្ញុំ និង​​អ្នកភូមិជាច្រើន សូមថ្លែងអំណរ​គុណ​​យ៉ាងជ្រាលជ្រៅឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ដែលបានចុះមកពិនិត្យ ព្យាលបាលជំងឺប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ»

អ្នកស្រីបន្តថា ការ​ចុះមកជួយរបស់ក្រុមគ្រូពេទ្យនេះ ជាតម្រូវការរបស់ប្រជាជនគ្រប់រូប ដែលកំពុងជួបការលំបាក និងបានផ្ដល់ប្រយោជន៍ច្រើន ព្រោះប្រជាពលរដ្ឋមួយចំនួន កំពុងជួបប្រទះការខ្វះខាត ហើយប្រជាពលរដ្ឋ មិនអាចធ្វើដំណើរ ទៅព្យាលបាលនៅកន្លែងឆ្ងាយបាន ដោយសារត្រូវចំណាយពេលវេលា និងចំណាយលុយកាក់ផងដែរ។

អ្នកស្រីបន្ដទៀតថា «ខ្ញុំពិតជាចង់ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន​ ម៉ានី ចុះមកព្យាបាលប្រជាពលរដ្ឋ ឲ្យបានញឹកញាប់ ព្រោះប្រជាពល​រដ្ឋមានអារម្មណ៍ សប្បាយរីករាយ និងកក់ក្តៅជាខ្លាំង»។

ចំណែកលោក ប៊ុន ធឿន និយាយថាថា «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងភូមិ-ឃុំខាងលើ សូម​ថ្លែងអំណរគុណដល់កូនប្រុស របស់សម្ដេចតេជោ ហ៊ុន សែន គឺឯកឧត្តមហ៊ុន ម៉ានី ដែលបានចាត់ឲ្យក្រុមការងារពេទ្យ ចំណាយពេលវេលា ខិតខំជួយព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋនៅក្នុងឃុំដាច់ស្រយាលមួយនេះ។ ខ្ញុំសូមជូនពរឯកឧត្តម និងក្រុមគ្រួសារឲ្យជួបតែ សេចក្ដីសុខសប្បាយតរៀង​ទៅ​ ពិសេសសូមថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់នៅដីសម្បទានសង្គមកិច្ច ចែកជូនដល់ប្រជាពលរដ្ឋចំនួន៤០០គ្រួសារ នៅតបន់ឃុំសាមគ្គីនេះផងដែរ»

សូមជម្រាបថា ក្នុងពេល៤៨ខែ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន៦០លើក ចាប់ពីខែឆ្នូ ឆ្នាំ២០១២ រហូតថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ គឺរយៈពេល៤ឆ្នាំគត់ បានចំនួនសរុប៦៥៣៧៧នាក់ ក្នុង១២ខេត្ត។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន​ ម៉ានី តំណាងរាស្ត្រនៃកម្ពុជា៕