(រតនគិរី)៖ សូមជូនដំណឹងដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្តរតនគិរី នៅពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CMVIC បាននាំយកម៉ាស៊ីនត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស​យានយន្តចល័តទៅដល់ខេត្តរតនគិរីហើយ ដើម្បីត្រួតពិនិត្យឈៀករថយន្ត ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ។

លោក ឃឹម រមនី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឲ្យដឹងថា ការចុះត្រួតពិនិត្យយានយន្ត(ឈៀក) មិនមានការផាកពិន័យនោះទេ គ្រាន់តែឲ្យម្ចាស់យានយន្ត​បំពេញឯកសារឲ្យច្បាស់លាស់ តាមតម្រូវការរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។

លោកបន្តថា ខាងក្រុមហ៊ុន នឹងចេញឈៀកជូនម្ចាស់យានយន្ត ដោយបង់ប្រាក់តាមប្រភេទរថយន្ត ទោះបីយានយន្តនោះកន្លងមកធ្វើឈៀក ប៉ុន្តែហួសកាលកំណត់ ក៏ខាងក្រុមហ៊ុនមិនធ្វើ​ការផាកពិន័យឡើយ។

សូមបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យយានយន្ត(ឈៀក)មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី ហើយក៏ជាលើកទី១ផងដែរ។

ជាមួយគ្នានេះមន្ត្រីរាជការ និងប្រជាពលរដ្ឋ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ពីព្រោះកន្លងមក ពួកគាត់ត្រូវចំណាយពេលវេលា និងថវិកាដើម្បីយកយានយន្ត ទៅធ្វើឈៀកនៅរាជធានីភ្នំពេញ និងខេត្តផ្សេងៗ។

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ ម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័តនាំមកពីប្រទេសចិនមួយគ្រឿងហើយ ត្រូវបានដាក់ឲ្យដំណើរការ ហើយក៏បាននិងកំពុងធ្វើដំណើរចុះ​ពិនិត្យយានយន្តនៅតាមបណ្តាខេត្ត។ ម៉ាស៊ីនត្រួតបច្ចេកទេសមួយគ្រឿងមុននេះ បានធ្វើសកម្មភាពពិនិត្យបច្ចេកទេសយានយន្តបាន ១,៥៨៦គ្រឿងហើយ ក្នុងខេត្តចំនួន៥ រួមមាន៖ តាកែវ កែប កំពត ស្វាយរៀង និងព្រៃវែង។

ពាក់ព័ន្ធនិងការត្រួតពិនិត្យបច្ចេកយានយន្តនេះដែរ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ធ្លាប់បង្ហើបឲ្យដឹងថា ដើម្បីសម្រួលការត្រួតពិនិត្យនេះកាន់តែ ងាយស្រួលទៀតនោះ នៅឆ្នាំ២០១៧ខាងមុខនេះ ក្រសួងនឹងដាក់ឲ្យដំណើរការប្រព័ន្ធប្រតិបត្តិការសុំសេវាត្រួតពិនិត្យបច្ចេកទេសយានយន្តតាមអ៉ីនធើណេតផងដែរ។ បើតាមលោក ស៊ុន ចាន់ថុល ប្រព័ន្ធនេះមានសមត្ថភាពខ្ពស់អាចផ្តល់ដំណឹងពេលយានយន្តដល់ពេល ត្រូវពិនិត្យបច្ចេកទេសថែមទៀតផង។

បើតាមក្រសួងសាធារណការ ក្រៅពីម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័តទាំងពីរគ្រឿងនេះ បច្ចុប្បន្នក្រសួងក៏មានម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តអចល័តចំនួន ១០កន្លែងផងដែរ នៅក្នុងរាជធានីភ្នំពេញ  កំពង់ចាម បាត់ដំបង សៀមរាប កំពង់ស្ពឺ ព្រះសីហនុ ក្រចេះ ព្រះវិហារ កំពង់ឆ្នាំង និងខេត្តរតនគិរី៕