(កោះកុង)៖ ស្ដ្រីខ្មែរម្នាក់ជាកម្មករអូសរទេះ ត្រូវទទួលទោសជំនួសជនបរទេសដែលជួលខ្លួនឲ្យអូសរទេះ មានលួចបង្កប់គ្រឿងញៀន ហើយក៏ត្រូវបានសមត្ថកិច្ចថៃ នៅច្រកទ្វាអន្តរជាតិចាំយាម ព្រំប្រទល់ ខេត្តកោះកុង និង​ខេត្ត​ត្រាត ឆែកឃើញ​ចាប់ខ្លួនបញ្ជូនទៅតុលាការ ខណៈដែលស្ដ្រីខ្មែរនោះ មិនបានដឹងទាល់តែសោះ ថានៅក្នុងរទេះនោះមានបង្កប់គ្រឿងញៀន។​

មន្ដ្រីនគរបាលច្រកទ្វារអន្តរជាតិចាំយាម បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ ថា មុនពេលកើតហេតុ ​នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ មានបរទេសម្នាក់ ជនជាតិ រ៉ូស្សី ឈ្មោះ GARASHCHENKO ANDREY ឆ្នាំកំណើតថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៨៨ កាន់លិខិតឆ្លងដែន លេខ៧១៥៦៥៣៥៩៩ ធ្វើដំណើរឆ្លងដែន ចេញពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ តាមច្រកទ្វាអន្តរជាតិចាំយាម ខេត្តកោះកុងនិងខេត្តត្រាត ពេលទៅដល់មុខប៉ុស្តិ៍ត្រួតពិនិត្យភាគីកម្ពុជា ជនបរទេសរូបនេះ បានជួលរទេសរុញ ដើម្បីដឹកវ៉ាលីរបស់ខ្លួនឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យទាំង២ភាគី ពេលចូលទៅប៉ុស្តិ៍ត្រួតពិនិត្យ ភាគី​ថៃ សមត្ថកិច្ចគយថៃ ក៏ឆែកឆេររកឃើញ​គ្រឿងញៀន នៅ​ពេលនោះជនបរទេស ដែលជាម្ចាស់វ៉ាលី ឈរមើលពីចំងាយ ឃើញសមត្ថកិច្ចគយថៃឆែកវ៉ាលី របស់ខ្លួនដែលនៅក្នុងរទេសរុញ ក៏ត្រឡប់ក្រោចូលមក​កម្ពុជាវិញ។

នគរបាលបញ្ជាក់ថា ពេលនោះ រយៈពេលប្រហែជា២០នាទី ភាគីថៃ ក៏ហៅមន្ត្រីការិយាល័យ BLO ទៅសហការ ដើម្បីតាបចាប់​មេក្លោង ជាជនបរទេស។ ភ្លាមៗនោះមន្ត្រីការិយាល័យ BLO ក៏រាយការណ៍តាមថានានុក្រម ដើម្បីចាត់វិធានការ ស្រាវជ្រាវ ស្ទាក់ចាប់ ប៉ុន្តែរហូតដល់បច្ចុប្បន្នរកពុំទាន់ឃើញ​នៅឡើយ។

ប៉ុន្ដែសមត្ថកិច្ចថៃ បានឃាត់ស្ដ្រីខ្មែរជាកម្មករ​ឈ្មោះ ហួត សុគម (ហៅយាយគឿន​) អាយុ៥៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ​ថ្មី ឃុំប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ដោយក្នុងរទេះរុញនោះ រកឃើញ​ កញ្ឆាគ្រៀម ចំនួន២១កំប៉ុង ស្មើ​នឹង៤,២៧គីឡូក្រាម ​ហេរ៉ូអ៊ីន ចំនួន២១,២៩ក្រាម ឡេលាបស្បែក កំប៉ុងជ័រ ចំនួន២១កំប៉ុង។ បច្ចុប្បន្នភាគីថៃ បានកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធី នៅប្រទេសថៃ។

យ៉ាងណាមិញ ជុំវិញករណីមួយនេះ មជ្ឈដ្ឋានមហាជន ហាក់កំពុងតែសម្ដែងនូវភាពសោកស្ដាយ និងភាពអយុត្តិធម៌ចំពោះស្ដ្រីខ្មែរជាកម្មកររុញរទេះ ដែលមិនបានដឹងអីសោះថា នៅក្នុងរទេះនោះមានបង្កាប់នូវគ្រឿងញៀន ខណៈដែលស្ដ្រីនោះគ្រាន់តែជាអ្នកស៊ីឈ្នួលរុញរទេះដើម្បីរកមកទិញបាយហូបប្រចាំថ្ងៃតែប៉ុណ្ណោះ បែរជាត្រូវចោទទោសចំពោះជនបរទែសនោះទៅវិញ៕