Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីសាលាខេត្តព្រះសីហនុ៖ ព្រះមហាក្សត្រនឹងយាងទៅកាន់ខេត្តព្រះសីហនុ តាមរថភ្លើងនៅថ្ងៃទី៣០​ ខែធ្នូខាងមុខនេះ​

12-12-2016 10:05

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់សាលាខេត្តព្រះសីហនុ ថ្លែងសុំមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃទី៣០ ខែធ្នូខាងមុខនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងយាងមកកាន់ខេត្តព្រះសីហនុ តាមរថភ្លើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ហើយយាងនិវត្តន៍ត្រឡប់មករាជធានីភ្នំពេញវិញនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ក្នុងឱកាសឆ្លងឆ្នាំសកលខាងមុខនេះ។

សូមជំរាបថា ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា ជាមួយនឹងបុគ្គលិក កម្មករ ជាច្រើនរយនាក់ នៅកំពង់ផែ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេចនឹងចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ដើម្បីយាងព្រះអង្គ ធ្វើទស្សនកិច្ចតាមរថភ្លើង ពីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ហើយសម្តេចតេជោ នឹងដង្ហែព្រះមហាក្សត្រដោយផ្ទាល់។

ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់ព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ សម្តេចព្រះ នរោត្តម សីហនុ ដែលបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម មិនមែនដូចការអត្ថាធិប្បាយមួយចំនួន ដែលថា កសាងឡើងនៅសម័យអាណានិគមបារាំងនោះទេ៕