(បាត់ដំបង)៖ កម្លាំងបង្ការ បង្ក្រាប ក្រុងបាត់ដំបង ចាប់បានជនក្លែងជាព្រះសង្ឃ៤នាក់ ដែលធ្វើសកម្មភាពដើរបិណ្ឌបាត្រពីប្រជាពលរដ្ឋ ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ការឃាត់ខ្លួនជនទាង៤នាក់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នេះ នៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក ឈឿង គឹមសុង ដែលបានដឹកនាំប្រតិបត្តិការនេះ បានឲ្យដឹងថា ជនក្លែងជាព្រះសង្ឃនេះ ទី១៖​ឈ្មោះ ម៉ៅ ជា អាយុ៣០ឆ្នាំ ទី២៖ឈ្មោះ វ៉ិត ផល្លា អាយុ៣២ឆ្នាំ ទី៣៖ឈ្មោះ លឹម ម៉ៅ​ អាយុ៣៧ឆ្នាំ និងទី៤៖ឈ្មោះ តូច សារ៉ាត់ ហៅតយ​ អាយុ៣៤ឆ្នាំ​។

ក្រោយពីក្រុម បង្ការ បង្ក្រាប បានធ្វើការសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា រាល់ម៉ោង៧ព្រឹក ពួកគេខ្លួនបានឲ្យបក្សពួកជូនទៅក្រោយកន្លែងបញ្ចុះសពទួលតាឯក ដើម្បីប្តូរសំលៀកបំពាក់ទៅជាលោកសង្ឃ ហើយដើរបិណ្ឌបាតក្នុងក្រុងបាត់ដំបង តែក៏ត្រូវកម្លាំងនគរបាលចាប់ខ្លួនតែម្ដង។  

បន្ទាប់ពីក្រុម បង្ការ បង្ក្រាបបានធ្វើការសាកសួររួច បានប្រគល់ឲ្យទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី៕