(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានក្រើនរំលឹកដាស់តឿនដល់មន្រ្តីរាជរដ្ឋាភិបាល និងអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្សទាំងអស់ ត្រូវប្រញាប់ដកខ្លួនចេញជាកំហិត ទោះប្រព្រឹត្តដោយចេតនាក្ដី និងអចេតនាក្ដី ក៏ត្រូវដកខ្លួនចេញជាបន្ទាន់ មុននឹងកម្លាំងសមត្ថកិច្ចចាប់ផ្ដន្ទទោសតាមច្បាប់។

សម្ដេចក្រឡាហោម ស ខេង ថ្លែងយ៉ាងមុតមាំបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីអបអរសាទរទិវា «ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ» នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅសាលមហោស្រព និងពិព័រណ៍កោះពេជ្រ ដែលមានការចូលពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងសិស្សនិស្សិតជាច្រើននាក់។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា «ខ្ញុំសូមដាស់តឿនចំពោះមន្រ្តីរាជរដ្ឋាភិបាលទាំងឡាយ ដែលបាននិងកំពុងតែសាងបញ្ជា ឃុបឃិត និងសហការជាមួយជនល្មើស ជួញដូរមនុស្ស និងអំពើពាក់ព័ន្ធទាំងឡាយ ទោះដោយចេតនាក្ដី អចេតនាក្ដី ត្រូវឆាប់ដកខ្លួនជាបន្ទាន់ និងត្រូវកែខ្លួនឲ្យបានល្អ ព្រោះមិនអាចសំងំលាក់លៀម សកម្មភាពទាំងនេះទៀតបានឡើយ មុននឹងត្រូវផ្ដន្ទាទោសតាមច្បាប់»

សម្ដេចក្រឡាហោមបានបន្តថា រាជរដ្ឋាភិបាលនៅតែប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា និងមនុស្សជាតិនានា ទទួលបានការគោរពសិទ្ធិ សេចក្ដីថ្លៃថ្នូរ ផលប្រយោជន៍ស្របច្បាប់ និងភាពសុខុមរមនា។

ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្ដេជ្ញាចិត្តរួមសហការជាមួយបណ្ដាដៃគូពាក់ព័ន្ធ និងទាមទារឲ្យមានកិច្ចសហប្រតិបត្តិការ កាន់តែជាក់លាក់ពីបណ្ដាប្រទេសនានាក្នុងតំបន់ និងលើពិភពលោក ដើម្បីរួមគ្នាបង្រ្កាបអំពើជួញដូរមនុស្សគ្រប់រូបបភាព និងផ្ដន្ទាទោសជនល្មើសឲ្យបានម៉ឺងម៉ាត់ សំដៅកាត់បន្ថយ និងលប់បំបាតបទល្មើសនេះ។

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា «រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ អនុសញ្ញា កតិកាសញ្ញាអន្តរជាតិនានា ច្បាប់ជាតិ អនុស្សរណៈ កិច្ចព្រមព្រៀងទ្វេភាគី/ពហុភាគី ផែនការសកម្មភាពរួម និងផែនការជាតិ ព្រមទាំងបទដ្ឋានគតិយុត្តទាំងឡាយ ដែលមានស្រាប់ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងបំពេញបន្ថែមតាមការចាំបាច់»។

មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តគាំទ្រ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់លំដាប់ថ្នាក់ឲ្យមានលទ្ធភាព សមត្ថភាព និងធនធានគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឲ្យបានជោគជ័យ។

ពាក់ព័ន្ធនឹងប្រធានបទខាងលើ កាលពីពេលកន្លងទៅនេះ ក៏ទើបតែលិចឡើងហេតុការណ៍ដ៏គួរឲ្យរន្ធត់បំផុតមួយ នោះគឺការចាប់បង្ខាំងពលករខ្មែរចំនួន ៤នាក់ អស់រយៈពេលជិត៥ឆ្នាំ ពីសំណាក់ក្រុមចោរសមុទ្រសុម៉ាលី ដែលពួកគាត់ម្នាក់ៗសឹងតែគ្មានសង្ឃឹមនឹងត្រឡប់មកប្រទេសកំណើតរបស់ខ្លួនវិញឡើយ នេះក៏ព្រោះតែការទទួលរងនូវអំពើជួញដូរមនុស្ស ដោយសារការចាញ់បោកពួកមេខ្យល់ខុសច្បាប់មួយចំនួន។

ដោយមានកិច្ចសហការជាមួយអង្គការអន្តរជាតិមួយចំនួន ទើបរាជរដ្ឋាភិបាលកម្ពុជា បានជួយអន្តរាគមន៍បញ្ជូនពួកគាត់ទាំង៤នាក់ខាងលើ ឲ្យត្រឡប់មកជួបជុំសាច់ញាតិនៅប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ៕