(ភ្នំពេញ)៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងកម្មករកម្មការិនី នៅសង្កាត់ក្បាលកោះ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ លើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ចំពោះសុខមាលភាពនិ ងជីវភាពប្រជាពលរដ្ឋ និងកម្មករកម្មការិនី តាមរយៈគោលនយោបាយដំឡើងប្រាក់បៀវត្ស ការមិនយកពន្ធប្រាក់បៀវត្ស ក្រោមមួយលានរៀល ការបញ្ចុះតម្លៃទឹក ភ្លើង ផ្ទះជួល និងការចុះព្យាបាលដោយឥតគិតថ្លៃជាដើម។

ការលើកឡើងបែបនេះ ក្នុងឱកាសដែល លោក ហ៊ុន ម៉ាណែត ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងកម្មករកម្មការិនី ដោយគិតថ្លៃនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

លោក ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានបង្កើត ឱកាសដល់យុវជន កម្មកកម្មការិនី និងបង្កើតឱកាសការងារជូន កូនចៅប្រជាពលរដ្ឋតាមរយៈគៀរគរ អ្នកវិនិយោគឲ្យកាន់តែច្រើន មកវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគ លើការវិនិយោគវិស័យឧស្សាហកម្ម។

លោកបានបញ្ជាក់ថា ដោយគិតដល់ការចំណាយរបស់ បងប្អូនកម្មករ កម្មការិនី លើថ្នាំសង្កូវពេលឈឺស្កាត់នោះ សម្តេចបានណែនាំឲ្យ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) ចុះមកពិនិត្យជូនបងប្អូន កម្មករ កម្មការិនី ដោយឥតគិតថ្លៃដោយផ្ទាល់តែម្តង ពីព្រោះថា សុខភាពនេះគឺសំខាន់ណាស់ ដោយសារបងប្អូនកម្មករ កម្មការិនី បានដើរតួនាទី ជួយខ្លួនឯងផង ជួយគ្រួសារផង និងជាធនធានសំខាន់ សម្រាប់ប្រទេសជាតិ។ ជាក់ស្តែងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងកម្មករកម្មការិនី ដោយឥតគិតថ្លៃនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំណរគុណ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ សម្រាប់ការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋថ្ងៃនេះ ដែលនេះគឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញពី ការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ គណបក្សប្រជាជនក្នុងការការលើកកម្ពស់ វិស័យសុខាភិបាល និងជាយន្តការជួយសម្រួលដល់ការទទួល សេវាដល់បងប្អូនប្រជាពលរដ្ឋ តាមរយៈការផ្សាភ្ជាប់មនោសញ្ចេតនា រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ក្រុមការងារចុះជួយមូលដ្ឋាន និងផ្នែកដែលពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះព្យាបាលជំងឺជូន ប្រជាពលរដ្ឋនិងកម្មករកម្មការិនី ដោយគិតថ្លៃនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅដោយពិនិត្យ និងព្យាបាលប្រភេទជំងឺទូទៅ ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺរោគស្រ្តី និងអេកូស្រ្តីមានផ្ទៃពោះ និងជំងឺមាត់ធ្មេញ ពិនិត្យឈាម និងវះកាត់តូចសរុបចំនួន៥៥៨នាក់ និងបញ្ជូនទៅព្យាបាលបន្តចំនួន០៨នាក់។

គួររំលឹកផងដែរថា គិតចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់ពេលនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះពិនិត្យព្យាបាលប្រជាពលរដ្ឋ តាមបណ្តាខេត្តនានា បុក្គលិកអង្គការ កុមារកំព្រា តាមបណ្តាអង្គការនានា និងកម្មករកម្មការិនី នៅតាមបណ្តារោងចក្រសរុបជាង ៧០០០០០នាក់ រួចមកហើយ៕