(ភ្នំពេញ)៖ ​​​​ដំណើរភាពយន្ដចិន-ខ្មែរ ជុំវិញបឹងទន្លេសាប ដែលរៀបចំឡើងដោយមានការសហការគ្នារវាង ស្ថានទូតចិនប្រចាំនៅកម្ពុជា វិទ្យុមិត្តភាពកម្ពុជា-ចិន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្ភោធនៃការចាក់បញ្ចាំងជាផ្លូវការហើយ ចាប់ពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នេះ។

ការសម្ភោធដាក់ដំណើរការនេះ ត្រូវបានធ្វើឡើងនៅសាលសិន្នសីទចតុមុខ ក្រោមវត្តមាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ហ្សុង ព័រ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជា លោក ឃឹម សារិទ្ធ រដ្ឋមន្ដ្រីស្ដីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក អាន ហ្សាវ យូ ប្រធានមជ្ឈមណ្ឌលអាស៊ីអាគ្នេយ៍វិទ្យុអន្ដរជាតិចិន ព្រមទាំងភ្ញៀវកត្តិយសជាច្រើននាក់ផងដែរ។

លោក អាន ហ្សាវ យូ ប្រធានមជ្ឈមណ្ឌលអាស៊ីអាគ្នេយ៍វិទ្យុអន្ដរជាតិចិន បានលើកឡើងថា ភាពយន្ដ គឺជាការសបង្ហាញដ៏ល្អបំផុតអំពីវប្បធម៌នៃប្រទេសមួយ ការច្នៃប្រឌិតធំបំផុតនៃសកម្មភាពចាក់បញ្ចាំងភាពយន្ដចិន-កម្ពុជា គឺការចាក់បញ្ចាំងរួមគ្នានូវភាពយន្ដចិន និងកម្ពុជា ដោយការធ្វើដំណើរតាមខេត្តក្រុងនៅជុំវិញបឹងទន្លេសាប ដើម្បីចាក់បញ្ចាំងជូនប្រជាពលរដ្ឋកម្ពុជាតាមមូលដ្ឋានទស្សនាកម្សាន្ដ ដែលនឹងក្លាយជាដំណើរភាពយន្ដចិនខ្មែរ ជុំវិញបឹងទន្លេសាបលើកទី១ ហើយក៏ជាដំណើរផ្លាស់ប្ដូរមនោសញ្ចេតនារវាងប្រជាជនចិន និងកម្ពុជា លើកទី១ផងដែរ។

លោក ហ្សុង ព័រ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានថ្លែងដែរថា ប្រទេសចិន និងប្រទេសកម្ពុជា តែជាប្រទេសមានអរិយធម៌បុរាណនៅលើពិភពលោក ហើយមានវប្បធម៌ប្រវត្តិសាស្ដ្រដ៏ត្រចេះត្រចង់ ជាក់ស្ដែងប្រាង្គប្រាសាទអង្គរ និងមហាកំពែងលើកសម្រស់គ្នាទៅវិញទៅមក របាំព្រះរាជទ្រព្យកម្ពុជា និងរបាំតន្ដ្រីបុរាណទួនហួងមានលក្ខណៈវិសេសវិសាលប្រហាក់ប្រហែលគ្នា។ លោកថា ការផ្លាស់ប្ដូរវប្បធម៌អាចជំរុញដល់ការផ្សារភ្ជាប់ដួងចិត្តប្រជាជន ស្របពេលជាមួយគ្នានេះ កម្មវិធីដំណើរភាពយន្ដចិន-ខ្មែរ ជុំវិញបឹងទន្លេសាប បានបង្កើតវេទិកា និងបើកទំព័រថ្មីសម្រាប់ជំរុញការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំង២។

ជាមួយគ្នានោះ លោក យឹម សារិទ្ធ ​បានបញ្ជាក់ថា តាមរយៈនៃព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា វិទ្យុមិត្តភាពកម្ពុជា-ចិន មិនត្រឹមតែបានរួមចំណែកយ៉ាងសកម្មក្នុងការផ្លាស់ប្ដូរព័ត៌មាន និងវប្បធម៌រវាងប្រជាជនទាំង២កម្ពុជា-ចិនតែប៉ុណ្ណោះទេ ហើយវាក៏ជាស្ពានយ៉ាងរឹងមាំនៃសាមគ្គីភាពរវាង ប្រជាជនទាំង២ទៅមករកគ្នាដោយប្រកបដោយស្នាមញញឹម និងរឹតចំណងមិត្តភាព ប្រទេសទាំង២កាន់តែរឹងមាំថែមទៀតផងដែរ។

សូមបញ្ជាក់ថា ​ទីកន្លែង និងពេលវេលានៃការបញ្ចាំងខ្សែភាពយន្ដចិន-ខ្មែរ រួមមានទី១៖រាជធានីភ្នំពេញ នៅសាលសិន្នសីទចតុមុខ ថ្ងៃទី១១ ខែធ្នូនេះ, ទី២៖ខេត្តកំពង់ចាម ទីវាលបេនឡានស្គន់ ស្រុកជើងព្រៃ ថ្ងៃទី១៣ ខែធ្នូ និងទីរួមខេត្តកំពង់ចាម (មុខសាលាខេត្ត) នៅថ្ងៃទី១៥ ខែធ្នូ, ទី៣៖ខេត្តកំពង់ធំ ស្រុកបារាយណ៍ (កំពង់ថ្ម) នៅថ្ងៃទី១៧ ខែធ្នូ និងទីរួមខេត្តកំពង់ធំ (ទីធ្លាមន្ទីរវប្បធម៌ខេត្ត ទល់មុខផ្សារ) នៅថ្ងៃទី១៩ ខែធ្នូ, ទី៤៖ខេត្តសៀមរាប ឃុំកំពង់ក្ដី ស្រុកជីក្រែង នៅថ្ងៃទី២១ ខែធ្នូ និងទីរួមខេត្តសៀមរាប (អង្គរឃ្យុងយូរ) នៅថ្ងៃទី២៣ ខែធ្នូ, ទី៥៖ខេត្តបន្ទាយមានជ័យ ទីរួមខេត្តបន្ទាយមានជ័យ (ទីវាលមុខសាលាខេត្ត) នៅថ្ងៃទី២៥ ខែធ្នូ, ទី៦៖ខេត្តបាត់ដំបង ស្រុកថ្មគោល នៅថ្ងៃទី២៧ ខែធ្នូ និងទីរួមខេត្តបាត់ដំបង (មាត់ស្ទឹង) នៅថ្ងៃទី២៩ ខែធ្នូ, ទី៧៖ខេត្តពោធិ៍សាត់ ទីរួមខេត្តពោធិ៍សាត់ (ក្បែរសាលាខេត្ត) នៅថ្ងៃទី៣១ ខែធ្នូ និងស្រុកក្រគរ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៧, ទី៨៖ខេត្តកំពង់ឆ្នាំង ទីរួមខេត្តកំពង់ឆ្នាំង (ក្បែរសាលាខេត្ត) នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧៕