(កំពង់ស្ពឺ)៖ នៅថ្ងៃអាទិត្យនេះ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានបន្តសកម្មភាពចុះតាមមូលដ្ឋានទៀតហើយ ដោយនៅក្នុងពិធីនោះកញ្ញាបាន ប្រកាសថា សកម្មជន និងពលរដ្ឋគាំទ្របក្សសង្គ្រោះជាតិជាង៤០០នាក់ ឈប់គាំទ្របក្សសង្គ្រោះជាតិ និងសុំចូលជាសមាជិក អង្គការយុវជនកិច្ចការសង្គម ដើម្បីចូលរួមអភិវឌ្ឍន៍ភូមិឃុំ ជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ កញ្ញា ធី សុវណ្ណថា បានលើកឡើងបែបនេះ ខណៈដែលកញ្ញា បានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ជាង៤០០នាក់ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នេះ នៅខេត្តកំពង់ស្ពឺ។

កញ្ញា ធី សុវណ្ណថា បានបង្ហោះឲ្យដឹងនៅលើ Facebook Page ផ្លូវការកញ្ញាឲ្យដឹងថា «ព្រឹកនេះ វេទិកា(ទី៤៥) ពលរដ្ឋ និងអ្នកគាំទ្របក្សសង្គ្រោះជាតិ៤០០នាក់ ប្រកាសឈប់គាំទ្របក្សសង្គ្រោះជាតិ សុំចូលជាសមាជិក អង្គការយុវជនកិច្ចការសង្គម ដើម្បីចូលរួមអភិវឌ្ឍន៍ភូមិឃុំ (ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ)»

គួរបញ្ជាក់ថា នៅក្នុងវេទិកាទី៤៤កន្លងទៅថ្មីៗនេះ កញ្ញា ធី សុវណ្ណថា បានប្រាប់ឲ្យដឹងថា សកម្មជន និងពលរដ្ឋគាំទ្របក្សសង្គ្រោះជាតិ ១១០០នាក់ ប្រកាសឈប់គាំទ្រ បក្សសង្គ្រោះជាតិ និងសុំចូលជាសមាជិកអង្គការយុវជនកិច្ចការសង្គម ដើម្បីចូលរួមអភិវឌ្ឍន៍ភូមិឃុំ សង្កាត់រការធំ​ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​។ កញ្ញា ធី សុវណ្ណថា បានលើកឡើងបែបនេះ ខណៈដែលកញ្ញាបានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ជាង១ពាន់នាក់ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅខេត្តកំពង់ស្ពឺ៕