(ភ្នំពេញ)៖ វេជ្ជបណ្ឌិត ស៊ី ខេ លាវ (C K Leow) គ្រូពេទ្យឯកទេសជាន់ខ្ពស់ និងវេជ្ជបណ្ឌិតព្យាបាល និង​វះកាត់ជំនាញផ្នែកប្រព័ន្ធរំលាយអាហារ បាន​ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអាទិត្យនេះ មុនលោកចាកចេញ ពីរាជធានីភ្នំពេញថា ពលរដ្ឋកម្ពុជាត្រូវយកចិត្តទុកដាក់ ពី​បញ្ហាប្រព័ន្ធរំលាយអាហារ ដែលក្នុងនោះរួមមានបំពង់ក ថ្លើម ប្រមាត់ លំពែង​ ពោះវៀនតូច និងពោះ​វៀនធំដើម្បីចៀសវាង កុំឲ្យមានជំងឺមហារីកធ្ងន់ធ្ងរ និងបាត់បង់ជីវិតបានភ្លាមៗ។

លោក ស៊ី ខេ លាវ ធ្លាប់មកប្រទេសកម្ពុជាកាលពីឆ្នាំ២០០៥ ក្នុងដំណើរទស្សនកិច្ចមនុស្សធម៌ ហើយលោក​បានដឹងថា ប្រទេសនេះ គឺមាន​ប្រជាជនជាច្រើនមាន​បញ្ហាប្រព័ន្ធរំលាយអាហារ តាំងពីលើរហូតដល់ក្រោម ពោលគឺគិតចាប់ពីកន្លែងដែល​អាហារចូល និងកន្លែងដែលកាកសំណល់អាហារចេញ។

នៅ​ឯមន្ទីរពេទ្យក្នុង​ប្រទេសសិង្ហបុរី លោក លាវ បានពិគ្រោះយោបល់ និងព្យាបាលជំងឺប្រព័ន្ធរំលាយអាហារដល់ជនជាតិកម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម ហើយនៅទីនោះមានការចំណាយច្រើន ​​ដោយលោកលើកឧទាហរណ៍ថា ក្រៅពីថ្លៃពិគ្រោះយោបល់ និងព្យាបាលជំងឺ អ្នកជំងឺនិងអ្នករួមដំណើរត្រូវ ចំណាយលើសំបុត្រយន្តហោះ សណ្ឋាគារ ការធ្វើដំណើរ និងការហូបចុកអស់រាប់ពាន់ដុល្លារអាមេរិកក្នុងរយៈពេល​តែពីរបីថ្ងៃប៉ុណ្ណោះ។

លោក លាវ បាននិយាយថា «ឥឡូវ ដើម្បីសម្រួលដល់ប្រជាជនកម្ពុជា ខ្ញុំ​បាន​មក​ពិគ្រោះ​យោបល់ និងព្យា​បាលផ្នែកប្រព័ន្ធរំលាយអាហារនេះ នៅកម្ពុជាជាទៀងទាត់ ប្រចាំខែ ដោយសហការជាមួយមន្ទីរពហុព្យា​បាល ​​អន្តរជាតិខេមាបឹងកេងកង រាជធានីភ្នំពេញ ព្រោះមន្ទីរពហុព្យាបាលអន្តរជាតិខេមានេះ ​មាន​ឧបករណ៍ស្តង់ដារ​គ្រប់គ្រាន់ និងគ្រូពេទ្យមានវិជ្ជាជីវៈ គួរឲ្យទុកចិត្តបាន ដូចនៅប្រទេសរបស់ខ្ញុំដែរ​ ដែលអាចឲ្យខ្ញុំវះកាត់នៅទីនេះបាន»

លោក លាវ បានរម្លឹកថា បញ្ហាតូចនៃប្រព័ន្ធរំលាយអាហារមានដូចជាបំពង់ក ថ្លើម ប្រមាត់ លំពែង​ ពោះ​វៀនតូច និង​​ពោះវៀនធំ​អាចទៅជាបញ្ហាធំដោយក្លាយជា ជំងឺមហារីកធ្ងន់ធ្ងរ ហេតុនេះបុគ្គលគ្រប់រូបត្រូវមកពិគ្រោះ​​យោបល់ជាមួយគ្រូពេទ្យឯកទេសឲ្យបានពីដំបូង ដើម្បីព្យាបាលឲ្យទាន់ពេល។  

សូមបញ្ជាក់ថា លោក លាវ បានសិក្សាទាំងនៅប្រទេសអង់គ្លេសនិងសិង្ហបុរី ហើយក្លាយជាគ្រូពេទ្យឯកទេសវះកាត់ទូទៅ​ ដោយឡែកខាងផ្នែកប្រព័ន្ធរំលាយអាហារ លោកក៏ធ្លាប់បានស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ ធ្លាប់បាន​បង្រៀន និងព្យា​បាលជំងឺប្រព័ន្ធរំលាយអាហារនៅប្រទេសអង់គ្លេស សិង្ហបុរី និងហុងកុង ដែលមានអ្នកជំងឺគ្រប់​ជាតិសាសន៍ ទៅពិគ្រោះយោបល់និងព្យាបាលទាំងប្រើប្រាស់ឱសថ និងវះកាត់។

នៅ​​កម្ពុជា លោកវេជ្ជបណ្ឌិត លាវ នឹង​មក៣ថ្ងៃក្នុងមួយខែ ដើម្បីផ្តល់ការពិគ្រោះ ពិនិត្យ ធ្វើរោគវិនិច្ឆ័យ និង​​ព្យាបាលជំងឺប្រព័ន្ធរំលាយអាហារ ទៅតាមស្ថានភាពនៃជំងឺជាក់ស្ដែង៕