(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញ ទៅទស្សនកិច្ចផ្លូវការ នៅសាធារណៈរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់លោក យ៉ាង ជីឈី ទីប្រឹក្សារដ្ឋរដ្ឋាភិបាលចិន។

ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ ក៏នឹងមានកិច្ចពិភាក្សា​រៀបចំផែនការ កិច្ចប្រជុំផ្លូវការលើកទី៤ នៅកម្ពុជាផងដែរ ដើម្បីពង្រឹង និងពង្រីក ភាពជាដៃគូយុទ្ធសាស្ដ្រ គ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ​ដែលមានលោកតំណាងឲ្យកម្ពុជា​។

បន្ថែមពីនេះ គណៈប្រតិភូដែលដឹកនាំដោយ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ក៏នឹងទស្សនកិច្ចនៅតាម បណ្ដាខេត្តមួយចំនួន នៅប្រទេសចិនផងដែរ។

ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ទស្សនកិច្ចនេះ ក៏ពិភាក្សាអំពីគម្រោងថវិកាឥណទាន ឥតសំណងរបស់ចិនចំនួន៣,៦០០លានយ័ន មកប្រើសាងសង់ផ្លូវជនបទ ទៅជាផ្លូវចាក់កៅស៊ូ ដែលជាគម្រោងថវិកាសម្រាប់ឆ្នាំ ២០១៦-២០១៨។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មានរយៈពេលជិតមួយសប្ដាហ៍ ពោលគឺនៅល្ងាចថ្ងៃទី១៦ ខែធ្នូខាងមុននេះ ឧបនាយករដ្ឋមន្ដ្រី រួមជាមួយគណៈប្រតិភូ នឹងអញ្ជើញមកដល់កម្ពុជាវិញ៕