(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា នៅរយៈពេល៩ខែ ឆ្នាំ២០១៦ ប្រាក់ចំណូលរបស់់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ សរុបមានចំនួន ១៥៧,៩៤៧,៣១១,០០០រៀល (ជាង៣៩លានដុល្លារ) ថយចុះចំនួន៨,៩៦៥,៧៤១,០០០រៀល (ជាង២លានដុល្លារ) ស្មើនឹង៥.៣៧% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៥។

របាយការណ៍ដដែលបញ្ជាក់ថា សម្រាប់ចំណេញសុទ្ធក្រោយបង់ពន្ធ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំនួន ៣០,២៦២,៦៤៥,០០០រៀល (ជាង៧លានដុល្លារ) ថយចុះចំនួន ៩,០៩៤,៧៩៩,០០០រៀល (ជាង២លានដុល្លារ) ស្មើនឹង២៣.១១% បើធៀបនឹងរយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥។

របាយការណ៍បន្តទៀតថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ទ្រព្យសកម្មសរុបរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំនួន១,២៨៧,១៩៧,៦៧៤,០០០រៀល (ជាង៣ពាន់លានដុល្លារ) កើនចំនួន៤១,៧៦៥,៥៤៦,០០០រៀល ស្មើនឹង ៣.៣៥% និងមូលធនសរុបមានចំនួន ៨០០,៩៦១,៣៤០,០០០រៀល កើនចំនួន១៦,៩៩៣,១៥៨,០០០រៀល ស្មើនឹង ២.១៧% ធៀបនឹង ឆ្នាំ២០១៥។

របាយការណ៍បានបញ្ជាក់ទៀតថា នៅត្រីមាសទី៣ ឆ្នាំ២០១៦ ផលចំណេញក្នុងមួយ ឯកតាមូលបត្រកម្មសិទ្ធិ១១៨រៀល។

គួររំលឹកថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាក្រុមហ៊ុនរដ្ឋដំបូងគេបង្អស់ ដែលចូលក្នុងទីផ្សារភាគហ៊ុន នៅឆ្នាំ២០១២។ តម្លៃ IPO របស់រដ្ឋាករទឹកមានចំនួន ៦៣០០រៀលក្នុងភាគហ៊ុន។ គិតមកដល់ថ្ងៃបិទទីផ្សារជួញដូរ មូលបត្រលើកចុងក្រោយ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ តម្លៃភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្នុងភ្នំពេញ តម្លៃ៤០៦០រៀលក្នុង១ភាគហ៊ុន៕