(កំពង់ស្ពឺ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញចុះពិនិត្យមើល ការប្រមូលផលស្រូវ របស់ប្រជាកសិករខ្មែរនៅក្នុងខេត្តកំពង់ស្ពឺ។

ក្នុងឱកាសចុះពិនិត្យមើលការប្រមូលផលស្រូវតាមវាលស្រែនោះ លោក វេង សាខុន បានថ្លែងឲ្យដឹងថា ទិន្នផលស្រូវនៅក្នុងឆ្នាំ២០១៦ នេះទទួលបានល្អប្រសើរជាងឆ្នាំ កន្លងទៅ។ បើទោះបីជាយ៉ាងណាលោករដ្ឋមន្រ្តី បានស្នើឲ្យប្រជាកសិករនៅក្នុងខេត្តកំពង់ស្ពឺ ក្រោយពេលច្រូតកាត់ត្រូវរកកាដាំដំណាំ និងចិញ្ចឹមសត្វបន្ទាប់បន្សំបន្ថែម ដើម្បីជួយទ្រទ្រង់ដល់ជីវភាព។

បន្ទាប់ពីការសំណេះសំណាល និងជួយច្រូតកាត់ស្រូវជូនប្រជាពលរដ្ឋខ្លះហើយនោះ លោករដ្ឋមន្រ្តី វេង សាខុន ក៏បានចុះទៅពិនិត្យការ ដាំបន្លែរបស់ប្រជាពលរដ្ឋផងដែរ។ ក្នុងដំណើរពិនិត្យការដាំដុះនោះ លោក វេង សាខុន ក៏បានស្តាប់នូវកង្វល់ ក៏ដូចជាបញ្ហាមួយចំនួន របស់ប្រជាពលរដ្ឋ ហើយក៏បានសន្យាជួយដោះស្រាយ ជូនពួកគាត់ផងដែរ៕