(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ពេញមួយខែវិច្ឆិកា ដែលទើបកន្លងផុតទៅនេះ លេខាធិការដ្ឋានរបស់​គណៈកម្មាធិការសម្របសម្រួល​អចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ​ការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់​​កម្រិតកំណត់ ចាប់បានរថយន្តដឹកលើសទម្ងន់សរុប ១៤៤គ្រឿង និងពិន័យជាប្រាក់បានជាង ២៥១លានរៀល។

យោងតាមក្រសួងសាធារណការ​ចំនួនរថយន្តដឹកលើសទម្ងន់ ដែលចាប់ផាកពិន័យ​នៅក្នុងខែវិច្ឆិកា កើនលើសខែតុលា ៥៥គ្រឿង ហើយរថយន្តទាំងអស់នេះ ដឹកលើសទម្ងន់កំណត់​ចន្លោះពី៤តោន រហូតដល់១៦តោន។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវឲ្យ​ក្រុមអ្នករកស៊ី​ដឹកជញ្ជូនទាំងអស់​ បញ្ឈប់ការដឹកលើស​ទម្ងន់ ព្រោះនាំឲ្យ​ខូចផ្លូវធ្ងន់ធ្ងរ។ សម្តេចតេជោ ក៏បានអំពាវនាវឲ្យក្រសួងសាធារណការ និងអ្នកពាក់ព័ន្ធ​រួមគ្នា​​ទប់ស្កាត់នូវ​ការ​ដឹកលើសទម្ងន់នេះ ព្រមទាំង​ចាប់កាត់ទ្រុងរថយន្ត ដែលតខុសលក្ខណៈ​បច្ចេកទេសផងដែរ៕