(ភ្នំពេញ)៖ ជាមួយនឹងការគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ គរុសិស្ស ដែលមកពីតាមបណ្ឌាខេត្តឆ្ងាយៗ ស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ក៏ដូចជាបុគ្គលិកអប់រំ នៅក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ និងសាលាគរុកោសល្យ និងវិក្រិតការ និងក្នុងឱកាសចូលឆ្នាំសកល ២០១៧ ដែលនឹងមកដល់ ក្នុងពេលខាងមុខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមក្រហមកម្ពុជា បានចាត់ឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងលោក យូ ឡាណា អគ្គលេខាធិការរងទី២ រួមជាមួយសហការី បានរៀបចំពិធីជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ និងគរុសិស្ស សរុបចំនួន២៧១នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រិតការអូរបែកក្អម។

ពិធីសំណេះសំណាលនេះបានបើកឱកាសឱ្យមន្រ្តីកាកបាទក្រហមកម្ពុជា បានស្គាល់ និងយល់ដឹងពីវឌ្ឍនភាពរបស់មជ្ឈមណ្ឌល ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៤ រហូតដល់បច្ចុប្បន្ន។ ចំណែកឯបុគ្គលិកអប់រំ និងគរុសិស្ស ក៏បានយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់កាកបាទក្រហមកម្ពុជាផងដែរ។

ទន្ទឹមនឹងការពាំនាំនូវការផ្តាំសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកស្រីអគ្គលេខាធិការរងទី១ បានសំណូមពរ និងអំពាវនាវទៅដល់លោកគ្រូ-អ្នកគ្រូ ពិសេស គរុសិស្សទាំងអស់ ដែលជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត សូមចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ក្នុងការផ្សព្វផ្សាយបន្ត ដល់បងប្អូនប្រជាពលរដ្ឋ ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍គ្រឿងញៀន អំពើហិង្សា និងត្រូវចូលរួមទប់ស្កាត់ការឆ្លងថ្មី នៃមេរោគអេដស៍។ល។ និងសូមចូលរួម ជាមួយរាជរដ្ឋាភិបាលក្នុងការការពារសន្តិភាព ស្ថិរភាព និងអភិវឌ្ឍប្រទេសជាតិ។

ជាកាដូសម្រាប់ពិធីជួបសំណេះសំណាលនេះផងដែរ ប្រតិភូកាកបាទក្រហមកម្ពុជាបានឧបត្ថម្ភជូនបុគ្គលិកអប់រំចំនួន ១២៩នាក់ ក្នុងម្នាក់ៗទទួលបាននូវ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ សៀវភៅកូលាបក្រហមដងទន្លេមេគង្គ១ក្បាល និងថវិកា ១០០ដុល្លារអាមេរិក។

ដោយឡែកចំពោះគរុសិស្សដែលមករៀន និងស្នាក់នៅក្នុងមជ្ឈមណ្ឌលនេះចំនួន១៤៤នាក់ក្នុងម្នាក់ៗ ទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ សៀវភៅកូលាបក្រហមដងទន្លេមេងគ្គ ១ក្បាល និងថវិកា ២០០,០០០រៀលផងដែរ៕