Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតសិស្ស និងគ្រូៗនៃសាលាចតុមុខ រីករាយឥតឧបមា ក្នុងពិធីជួបជុំអតីតសិស្ស និងចង់ឲ្យមានកម្មវិធីបែបនេះញឹកញាប់

11-12-2016 09:56

(ភ្នំពេញ)៖ អតីតសិស្ស លោកគ្រូអ្នកគ្រូ និងសិស្សដែលកំពុងសិក្សា នៅអនុវិទ្យាល័យចតុមុខ បានសម្ដែងការរីករាយ និងត្រេកអរឥតឧបមា នៅពេលដែលមាន ការប្រារព្ធពិធី​ជួបជុំអតីតសិស្សសាលាចតុមុខ និងស្នើសុំឲ្យមានការប្រារព្ធពិធីជួបជុំនេះ ឲ្យបានញឹកញាប់។

ពិធីជួបជុំអតីតសិស្សសាលាចតុមុខនេះ រៀបចំឡើងនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា លោក សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន មន្រ្ដីពាក់ព័ន្ធជាច្រើន​រូប លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ។

ការរៀបចំកម្មវិធីជួបជុំ អតីតសិស្សវិទ្យាល័យចតុមុខនេះ ធ្វើឡើងក្នុងគោលបំណងឱ្យ អតីតសិស្សសាលាចតុមុខទាំងអស់ បានរំលឹកឡើងវិញ នូវអនុស្សាវរីយ៍ពីអតីតកាល ដែលធ្លាប់សិក្សារៀនសូត្រ បន្ទប់ធ្លាប់រៀន បរិវេណសាលាដែលធ្លាប់រត់លេង កន្លែងដែលធ្លាប់ទិញនំចំណីជាមួយមិត្តភក្តិ ចង់ជួបមិត្តដែលធ្លាប់ប្រឡែងគ្នា និងជាពិសេសចង់ជួបលោកគ្រូ អ្នកគ្រូ ដែលធ្លាប់បង្ហាត់បង្រៀន។

លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាអតីតសិស្សនៅសាលាចតុមុខ បានថ្លែងថា ការប្រារព្ធកម្មវិធីនេះឡើង ក្នុងគោលដើម្បីសម្ដែងពីការដឹងគុណ ដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនសិស្សានុសិស្ស ហើយលោកសង្ឃឹមថា អ្នកគ្រូ លោកគ្រូនឹងសប្បាយរីករាយ។

លោកបានឲ្យដឹងទៀតថា «ថ្ងៃនេះខ្ញុំបានជួបលោកគ្រូ អ្នកគ្រូ ដែលបានបង្ហាត់បង្រៀនខ្ញុំ នៅពេលដែលខ្ញុំបានជួបគាត់ ខ្ញុំគិតថាអ្វីៗហាក់បីដូចជានៅថ្មីៗ សម្រាប់អ្នកគ្រូ លោកគ្រូខ្លះហាក់បីដូចជា មិនចាស់នោះឡើយ តែលោកគ្រូអ្នកគ្រូមួយចំនួន ហាក់បីដូចជាអន់ថយនូវសុខភាព ប៉ុន្ដែយ៉ាងណាខ្ញុំមានអារម្មណ៍សប្បាយចិត្ត ខ្ញុំសូមធ្វើការអំពាវនាវឲ្យមានការបន្ដជួយពួកគាត់តទៅ​ទៀត»

លោក សុផល វិណេតវិស័យ ជាអតីតសិស្សនៃសាលាចតុមុខបានឲ្យដឹងថា «សម្រាប់កម្មវិធីថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ​ហើយនេះក៏ជាលើកទី១ដែលខ្ញុំ បានចូលរួមក្នុងកម្មវិធីថ្ងៃនេះ ព្រោះបានឃើញវិទ្យាល័យដែលធ្លាប់សិក្សា។ ខ្ញុំក៏សូមសំណូមពរឲ្យ​ មាន​កម្មវិធីជួបជុំនេះ ប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំ ព្រោះដើម្បីឲ្យអតីតសិស្ស បានចូលរួមជួយកសាងសាលាចាស់ ឬកន្លែងខូចខាតមួយ​​ចំនួនផងដែរ»

អ្នកគ្រូ តាន់ ម៉ុនណា ជាគ្រូបង្រៀននៅក្នុងវិទ្យាល័យចតុមុខ បានថ្លែងឲ្យដឹងថា «ថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំណាស់ ដែលបាន​សិស្សានុសិស្សជាច្រើន ធ្វើកម្មវិធីនេះឡើង។  ក្នុងកម្មវិធីនេះខ្ញុំគិតថាល្អណាស់ ដែលបានឲ្យសិស្សានុសិស្សជួបគ្នា ជាមួយលោកគ្រូ អ្នកគ្រូម្ដងទៀត​​ អ្វីដែលសំខាន់ គឺខ្ញុំចង់ឲ្យមានកម្មវិធីនេះ ឲ្យបានញឹកញាប់ ព្រោះដើម្បីផ្ដល់ឱកាសឲ្យសិស្សានុសិស្ស ជួបជុំលោកគ្រូអ្នកគ្រូ»

សូមបញ្ជាក់ថាកម្មវិធីនេះ បានប្រមូលថវិកាជូនលោកគ្រូ អ្នកគ្រូ សាលាចតុមុខទាំងបឋមសិក្សា និងអនុវិទ្យាល័យ រួមទាំងលោកគ្រូ អ្នកគ្រូដែលចូល​និវត្តន៍​ សរុបទាំងអស់២៣៩នាក់ ហើយលោកគ្រូ អ្នកគ្រូម្នាក់ៗ ទទួលបានថវិកា១លានរៀល ហើយថវិកាដែលនៅសល់ នឹងដាក់ចូលជាមូលនិធិគ្រូសាលាចតុមុខ សម្រាប់ជួយពួកគាត់នៅគ្រាមានធុរៈដូចជា ឈឺ​ ចូលនិវត្តន៍​ ឬស្លាប់​ជាដើម៕​