(អាមេរិក)៖ ភ្នាក់ងារស៊ើបអង្កេត CIA បានសន្និដ្ឋានថា ប្រទេស រុស្ស៊ី មិនត្រឹមតែនៅពីក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សហរដ្ឋអាមេរិកឆ្នាំ២០១៦ កន្លងទៅនេះប៉ុណ្ណោះទេ គឺបានលូកដៃដើម្បីជួយឱ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោតតែម្តង នេះបើយោងតាមការលើកឡើង របស់មន្ត្រីជាន់ខ្ពស់អាមេរិកថ្លែងយ៉ាងដូច្នេះ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នេះ។

ភ្នាក់ងារស៊ើបអង្កេតសហរដ្ឋអាមេរិក បានឱ្យដឹងថា ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោត បានប្រព្រឹត្តទៅនោះរដ្ឋាភិបាលរុស្ស៊ី បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានជួយដល់លោកត្រាំ ដើម្បីឈោងចាប់ភាពជោគជ័យក្នុងការបោះឆ្នោតថែមទៀតផង នេះបើយោងតាមការលើកឡើងរបស់មន្ត្រីម្នាក់របស់សហរដ្ឋអាមេរិក ដោយសុំមិនបង្ហាញអត្តសញ្ញាណ។

សារព័ត៌មាន Washington Post បានធ្វើសេចក្តីរាយការណ៍កាលពីថ្ងៃសុក្រកន្លងទៅនេះ ដោយលើកឡើងនូវសំដីរបស់មន្ត្រីសហរដ្ឋអាមេរិកថា ភ្នាក់ងារស៊ើបអង្កេតបានរកឃើញថា មានបុគ្គលជាច្រើនដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៊ី ដោយបានផ្តល់នូវឯកសារ ដែលជាសាររបស់ គណៈកម្មាធិការជាតិប្រជាធិបតេយ្យ និងសារផ្សេងៗទៀត ដែលពួកគេលួចបានក្នុងនោះរួមទាំងសាររបស់លោកស្រី ហ៊ីលឡារីគ្លីនតុន ដោយផ្ញើរទៅកាន់គេហទំព័រ Wikileaks។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានចេញបញ្ជាឱ្យភ្នាក់ងារស៊ើបអង្កេតធ្វើការត្រួតពិនិត្យឡើងវិញ នូវការវាយប្រហារទៅលើប្រព័ន្ធអ៊ីនធើណែត និងការលូកដៃរបស់អន្តរជាតិក្នុងការបោះឆ្នោតឆ្នាំ២០១៦។ លោកនឹងបង្ហាញរបាយការណ៍នៃលទ្ធផលស្រាវជ្រាវនេះ មុនពេលលោកបញ្ចប់តំណែង ជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ខាងមុខ។

ក្រុមប្រឹក្សាសន្តិសុខរបស់រដ្ឋាភិបាល លោក អូបាម៉ា បានលើកឡើងថា «ប្រធានាធិបតីបានចេញបញ្ជាឱ្យធ្វើការត្រួតពិនិត្យឡើងវិញ អំពីអ្វីដែលបានកើតឡើងក្នុងអំឡុង នៃការបោះឆ្នោតឆ្នាំ២០១៦ ព្រមទាំងសិក្សាពីបទពិសោធន៍ដែលបានកើតឡើង»។

ជាមួយគ្នានេះដែរ មន្ត្រីមួយរូបទៀតបានសន្និដ្ឋានថា ទង្វើរបស់រុស្ស៊ី គឺមានបំណងចង់ផ្លាស់ប្តូរ និងបង្កផលប៉ះពាល់ដល់លទ្ធផលបោះឆ្នោត។
យ៉ាងនេះក្តីរដ្ឋាភិបាលក្រុង ម៉ូស្គូ បានបដិសេធរាល់ការចោទប្រកាន់ពីការលូកដៃរបស់ខ្លួន ក្នុងកិច្ចការបោះឆ្នោតនៅសហរដ្ឋអាមេរិក៕