(បាត់ដំបង)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ លោក ឡោក ហួរ ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ លោក កុល វីរក្ស ប្រធានក្រុមការងារថ្នាក់ជាតិ ស្រុកសង្កែ និង លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំ អន្លង់វិល ឃុំរកា និងអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ព្រមទាំងសហការី បានប្រជុំបូកសរុបលទ្ធផល នៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ និងលើកទិសដៅបន្ត នៅទីស្នាក់គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកសង្កែ ដល់ក្រុមប្រឹក្សាឃុំ សាខាបក្សឃុំ ប្រធានភូមិ ដែលបានអញ្ជើញចូលរួម១២៤ នាក់។

នៅក្នុងពីធីនោះដែល លោក ឡោក ហួរ បានផ្សព្វផ្សាយការចាត់តាំងអនុវត្តសេចក្តីណែនាំ ធំៗចំនួន០៣សំខាន់ៗ គឺ ទី១- សេចក្តីសម្រេចណែនាំ បង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ទី២-ផែនការណែនាំស្តីពីការគ្រប់គ្រង ពង្រឹង ពង្រីកសមជិកគណបក្ស។ ទី៣-ផែនការណែនាំស្តីពីការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ។

លោក ឡោក ហួរ ក៏បានជំរុញក្រុមការងារចុះជួយឃុំ និង ប្រឹក្សាឃុំ សាខាបក្សឃុំ ប្រធានភូមិ ទាំងអស់ត្រូវចេះមានសាមគ្គី ទំនាក់ទំនងល្អនឹងគ្នា ក្នុងការពង្រឹងស្មារតី ជំហរ សតិអារម្មណ៍នយោបាយ និងថែរក្សាសមាជិកបក្សដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ។ ខិតខំកសាងសមាជិកបក្សថ្មីបន្ថែមទៀត ពិសេសពិនិត្យលទ្ធភាព កសាងដោយយកចិត្តទុកដាក់ចលនាសកម្ម បំផុតក្នុងជួរយុវជន និងក្នុងចំណោម គ្រួសារបានទទួលការឧបត្ថម្ភមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង ។ ចាត់តាំងវគ្គបំប៉ន ពង្រឹងតួនាទី ភារកិច្ច សាខាបក្សភូមិ មេក្រុមបក្ស និង សកម្មជនយុវជនគណបក្សគ្រប់ឃុំ ភូមិ ជម្រុញក្រុមចលនា នានារបស់គណបក្ស ផ្សារភ្ជាប់ការចិញ្ចឹមចលនារបស់បក្ស។ ផ្សារភ្ជាប់ក្រុមចលនាស្ត្រី ជាមួយស្ត្រីឆ្លងទន្លេ ដែលធ្លាប់បានការឧបត្ថម្ភមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង។

បន្ទាប់ពីទទួលបានការណែនាំពីលោក ឡោក ហួរ រួចមកក្រុមការងារចុះជួយឃុំ និងប្រឹក្សាឃុំ សាខាបក្សឃុំ ប្រធានភូមិ បានប្តេជ្ញា នឹងយកផែនការណែនាំនេះមកទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះក្នុងការបោះឆ្នោត នាពេលខាងមុខ៕