(កំពង់ស្ពឺ)៖ លោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងជាប្រធានគណៈពង្រឹងចុះជួយឃុំវល្ល័ស ស្រុកសំរោងទង របស់គណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយទៅចែកជូនបងប្អូន ប្រជាពលរដ្ឋក្នុងភូមិ ស្បែស ដែលមានការខ្វះខាតផ្នែកជីវភាព។

លោក នរ រតនៈវឌ្ឍនោ បានចុះដល់លំនៅដ្ឋានពលរដ្ឋជួបការលំបាកដោយលើកឡើងថា ថ្ងៃនេះដោយមានការផ្តល់ព័ត៌មានពីលោកមេឃុំវល្ល័ស មានបងប្អូនក្នុងភូមិមួយចំនួនដែលមានការខ្វះខាតផ្នែកជីវភាព ទើបក្នុងនាមលោកជាប្រធានក្រុមចុះជួយឃុំនេះ នាំនៅអំណោយមាន អង្ករ មី ត្រី និងថវិកាមកផ្តល់ជូនតែម្តង។

លោកប្រធានក្រុមការងារបានបន្តថា បើទោះអំណោយទាំងនោះមិនសាកសមនូវកម្រិតជីវភាពរស់នៅប្រចាំថ្ងៃមែនក៏ដោយ តែនេះគ្រាន់តែការចែករំលែកជួយគ្នា ក្នុងគ្រាដោះទ័ល ដើម្បីជូនបងប្អូនបន្តក្នុងការរកស៊ីបន្ថែមក្នុងពេលខ្វះខាតចាំបាច់។

លោកប្រធានបានបញ្ជាក់ទៀតថា លោកមេឃុំត្រូវបន្តស្វែងរកក្រុមគ្រួសារ ប្រជាពលរដ្ឋដែលខ្វះខាតផ្នែកជីវភាព ដូចបងប្អូនចំនួន៧គ្រួសារនេះ ដើម្បីឲ្យក្រុមការងារចុះជួយពួកគាត់ដោយផ្ទាល់ ហើយយើងណែនាំឲ្យពួកគាត់ ឬជួយស្វះស្វែងរកការងារជូនពួកគាត់ធ្វើផងដែរ៕