(កំពត)៖ ម៉ូតូមួយគ្រឿងជិះឌុបគ្នា២នាក់ ត្រូវបានរថយន្តមិនស្គាល់អត្តសញ្ញាណបុកចំពេញទំហឹង បណ្តាលឲ្យស្លាប់ទាំង២នាក់ ភ្លាមៗនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ៌ម នៅម៉ោង០៧៖៣៤នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិកណ្តាល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលចរាចរស្រុកទឹកឈូ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង២នាក់នេះ ទី១.ឈ្មោះ ម៉ាត់ ឌុលឡោះ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដូនតោក សង្កាត់ត្រើយកោះក្រុងនិងខេត្តកំពត និងទី២.ឈ្មោះ ឌុល ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រែកប្រោះ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ជនរងគ្រោះទាំង២នាក់នេះ ជិះម៉ូតូ ម៉ាកស្មាស់ សេរី២០០៩ ពណ៌ខ្មៅ ភ្នំពេញ1D-8954។

មន្ត្រីនគរបាលដដែលបន្តថា ម៉ូតូរបស់ជនរងគ្រោះ បើកបរក្នុងទិសដៅផ្ទុយគ្នា ជាមួយរថយន្ដមិនស្គាល់ម៉ាកបង្កខាងលើ ដោយរថយន្តបើកបរ ពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ក៏បានបុកម៉ូតូចំពេញទំហឹង បណ្តាលឲ្យខ្ទាតធ្លាក់មនុស្សជាង១០ម៉ែត្រ។

ក្រោយកើតហេតុ រថយន្ដនោះបើករត់គេចខ្លួន សំដៅចូលមកក្រុងកំពតបាត់។ រីឯសាកសពជនរងគ្រោះទាំង២នាក់ នៅក្រោយកើតហេតុត្រូវឪពុកម្ដាយបងប្អូន មកទទួលយកសពទៅផ្ទះ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕