(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា បានថ្លែងថា គណបក្សឈ្នះឆ្នោត នៅក្នុងរដ្ឋសភាទាំងពីរត្រូវធ្វើការរួមគ្នា ដើម្បីនាំមកនូវសេចក្តីយូរអង្វែងជូនជាតិ និងប្រជាពលរដ្ឋកម្ពុជា។

លោក កឹម សុខា បានថ្លែងដូច្នេះ ក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៨ ក្រោមប្រធានបទ «សិទ្ធិក្នុងការបោះឆ្នោត» នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

លោក កឹម សុខា បានលើកឡើងថា ទាំងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ សុទ្ធតែបានគិតពីប្រយោជន៍របស់ប្រ ទេសជាតិដូចគ្នា គ្រាន់តែគណបក្សប្រជាជនយកចិត្តទុកដាក់ខ្ពស់ទៅបញ្ហាសន្តិភាព និងស្ថេរភាព ខណៈគណបក្សសង្រ្គោះជាតិផ្តោតសំខាន់ទៅការបញ្ហាសិទ្ធិសេរីភាព។ លោក កឹម សុខា ថា ប្រសិនបើទស្សនៈទាំងពីរដាក់បញ្ចូលគ្នានោះនឹងធ្វើឲ្យប្រទេសជាតិកាន់តែល្អប្រសើរ។

លោក កឹម សុខា បានថ្លែងយ៉ាងដូច្នេះ «គណបក្សសព្វថ្ងៃហ្នឹងមានពីរនៅក្នុងសភា បើទោះបីមួយរៀងផ្អៀងទៅរកសិទ្ធិសេរីភាពតិចក៏ដោយ មួយរៀងផ្អៀងទៅរកសន្តិភាព ស្ថេរភាពតិចក៏ដោយអត់អាក្រក់ទេ ល្អទាំងអស់គ្នា។ អ៊ីចឹងរកចំណុចរួមមក រកចំណុចរួមឲ្យឃើញ អង្គុយនិយាយគ្នារកចំណុចរួមឲ្យឃើញទាំងអស់គ្នា ធ្វើម៉េចសេរីភាពក៏ត្រូវការពារធានា សន្តិភាព ស្ថេរភាព ក៏នាំគ្នាធានា ការពារទាំងអស់គ្នា គឺបានផលទាំងអស់គ្នា»

លោក កឹម សុខា បានគូសបញ្ជាក់ផងដែរថា គណបក្សសង្រ្គោះជាតិ មិនត្រូវគិតតែពីរឿងសិទ្ធិសេរីភាព ហើយចេះតែដើរធ្វើការតវ៉ា និងធ្វើបាតុកម្មនោះទេ ហើយគណបក្សប្រជាជនកម្ពុជា ក៏មិនត្រូវគិតតែពីសន្តិភាព ស្ថេរភាព ហើយមិនអនុញ្ញាតឲ្យមានការសម្តែងមតិ ឬទិវាបុណ្យអន្តរ ជាតិបន្តិចបន្តួចនោះដែរ។

សូមបញ្ជាក់ថា លោក កឹម សុខា ទើបនឹងត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះរាជទានទោស តាមការទូលស្នើសុំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦។ ព្រះរាជទានលើកលែងទោសនេះ បានធ្វើឲ្យលោក កឹម សុខា បានចេញពីទីស្នាក់ការបក្សដែលលោកបង្ខាំងខ្លួនកន្លះឆ្នាំ និងមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពនយោបាយផងដែរ។

មិនតែប៉ុណ្ណោះកាលពីថ្ងៃទី០៦ ខែធ្នូ កន្លងទៅនេះ លោក កឹម សុខា ក៏ត្រូវបានប្រធានរដ្ឋសភាសម្តេច ហេង សំរិន សម្រេចតែងតាំងជា ប្រធានក្រុមមតិភាគតិចជំនួសលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេសថែមទៀតផង។

ជាការគត់សម្គាល់ក្រោយទទួលបានព្រះរាជទានទោសពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន លោក កឹម សុខា ហាក់បានសម្តែង​សមានចិត្តច្រើន​ជាមួយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជា ជនកម្ពុជា។ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំសភាលោក កឹម សុខា បានបង្ហាញភាពស្និទ្ធិស្នាលខ្លាំងជាមួយសម្តេចតេជោ ហ៊ុន សែន ហើយបានជួបពិភាក្សាគ្នា​ដោយផ្ទាល់លើបញ្ហាប្រទេសជាតិ​ អស់រយៈពេលជិត២ម៉ោងផងដែរ។

មួយវិញទៀតក្នុងសារនយោបាយរបស់លោក កឹម សុខា ក្រោយមានព្រះរាជទានទោសនេះ ប្រធានបក្សប្រឆាំងរូបនេះ មិនទាន់មានការ ទិតៀនធ្ងន់ៗ​ទៅលើរាជរដ្ឋាភិបាល និងបក្សកាន់អំណាចដូចពេលមុននោះឡើយ៕