(ភ្នំពេញ)៖ អ្នកឧកញ៉ា ប៊ុន ណារី នាយិកា​សាលាញូវហ្គេតវ៉េ​អន្តរជាតិ បានប្រាប់ឲ្យដឹងថា ជំនួប​មាតាបិតាជាមួយគ្រូបង្រៀន ជាការសហការគ្នា ពង្រឹង​សមត្ថភាព និងតាមដាន​ការសិក្សា​របស់សិស្ស ហើយក៏ជាការបង្កើត​នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​ការគ្នា រវាងមាតាបិតា​សិស្ស ជាមួយ​គ្រូបង្រៀន ដើម្បី​ផ្លាស់ប្តូរយោបល់​គ្នា លើការ​រីកចម្រើន និងចំណុច​អសកម្មមួយ​ចំនួន ដែលត្រូវបានយកចិត្ត​ទុកដាក់​បន្ថែម​ ដើម្បីអភិវឌ្ឍន៍​របស់កូនៗលើផ្នែក​ចំណេះដឹង បំនិន និងឥរិយាបថ ជាពិសេស​ការពង្រឹង​ផ្នែកអប់រំ​ប្រកបដោយ​គុណភាព និងប្រសិទ្ធិ​ភាព​ខ្ពស់។

អ្នកឧកញ៉ានាយិកា បានបន្ថែមថា ការចូលរួម​របស់មាតាបិតា​សិស្ស នាពេលនេះ ជាការលើកទឹកចិត្ត​មួយដល់កូនៗ ព្រោះថា ដើម្បីឲ្​យការសិក្សាទទួល​បានជោគជ័យ មិនមែន​ពឹងផ្អែក​ទាំងស្រុង​ទៅលើសាលារៀន​នោះទេគឺទាមទារ​ឲ្យមានការសហការ យ៉ាងសកម្ម រវាងសាលារៀន និងមាតាបិតា​សិស្ស ទើបពួកគាត់ទទួល​បានលទ្ធផលល្អប្រសើរ។​

អ្នកឧកញ៉ា ប៊ុន ណារី បានលើកឡើង​នៅកម្មវិធី«ជំនួបរវាងមាតាបិតា អាណាព្យាបាលសិស្ស ជាមួយ លោកគ្រូ អ្នកគ្រូ» រៀបចំដោយ សាលា​ញូវហ្គេតវ៉េ​អន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នេះ។

នៅក្នុងកម្មវិធី​នោះ មានការចូលរួម​ពីសំណាក់មាតាបិតា អាណាព្យាបាល​សិស្ស ក្នុងគោលបំណង​ទទួលនូវ លទ្ធផល របស់កូនៗ​ជុំវិញបញ្ហា​ការសិក្សា អាប្បកិរិយា ក៏ដូចជាបញ្ហា​សុខុមាលភាព​របស់បុត្រធីតា​របស់ពួកកាត់​ផងដែរ។ ឆ្លៀតក្នុង​ឱកាសនោះ អ្នកឧកញ៉ា នាយិកាសាលា បានថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅ ចំពោះមាតា បិតា អាណាព្យាបាល សិស្ស ដែលបានឆ្លៀតពេលវេលា ដ៏មានតម្លៃ អញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។

គួរបញ្ជាក់ថា កម្មវិធីនេះ សាលា​ញូវហ្គេតវ៉េ​អន្តរជាតិ ប្រារព្ធធ្វើឡើង រៀងរាល់ត្រីមាសម្តង ដោយមាន​ការគាំទ្រយ៉ាងពេញទំហឹងពី សំណាក់​មាតាបិតា អាណាព្យបាល​សិស្សគ្រប់រូប។

ចំពោះកម្មវិធីនេះ គឺពិតជាមានសារសំខាន់​បំផុតដែលមិនអាច កាត់ថ្លៃបាន ដើម្បីញុំាងឲ្យបុត្រាបុត្រី​គ្រប់រូបទទួលបាន​ជោគជ័យ ក្នុងការសិក្សា ប្រកបដោយ​គុណភាព និងប្រសិទ្ធភាព​ខ្ពស់ និងក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ ដើម្បីចូលរួម​ចំណែក ក្នុងការកសាង និងអភិវឌ្ឍខ្លួនឯង គ្រួសារ សង្គមជាតិ នាពេលអនាគត៕