(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការ ការទប់ស្កាត់ និងបង្ក្រាបបទល្មើស​ធនធានធម្មជាតិទូទាំង​ប្រទេស​ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន, នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើលិខិតដល់ ចៅហ្វាយខេត្តចំនួន២១ ដែលមានធនធានធម្មជាតិ(ព្រៃឈើ) ដើម្បីឲ្យបន្តរឹតបន្តឹងចំពោះការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្រ្តខេត្តនិមួយ នេះបើយោងតាមលិខិតដែលចុះហត្ថលេខា ដោយរដ្ឋមន្រ្តីក្រសួងបរិស្ថាន។

នៅក្នុងលិខិតផ្ញើជូនអភិបាលខេត្តទាំង២១ ដែលមានធនធានធម្មជាតិព្រៃឈើ លោករដ្ឋមន្រ្តីជើងខ្លាំងខាងបរិស្ថាន បានបញ្ជាក់ថា «កន្លងមករាជរដ្ឋាភិបាលបាន ដាក់ចេញនូវវិធានការ ចាំបាច់ជាបន្តបន្ទាប់ ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសនៅតាម តំបន់ការពារធម្មជាតិទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទោះបីជាយ៉ាងនេះក្តី ក្រសួងបរិស្ថានពិនិត្យឃើញថា នារដូវប្រាំងរៀងរាល់ឆ្នាំ ករណីបទល្មើសធនធាធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ តែងតែកើតមានឡើងច្រើនជាងធម្មតា»

រដ្ឋមន្រ្តីជើងខ្លាំងខាងបរិស្ថានដដែលរូបនោះ បានបញ្ជាក់នៅលិខិតទៀតថា «ដើម្បីបង្កើនប្រសិទ្ធិភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថាន ស្នើឯកឧត្តម យកចិត្តទុកដាក់តាមដានពិនិត្យ និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលកើតមានឡើង នៅក្នុងភូមិសាស្រ្ត ខេត្តសាមី ជាពិសេសនៅក្នុងតំបន់ការពារធម្មជាតិនារដូវប្រាំងខាងមុខនេះ។ ក្រសួងប​រិស្ថានមានជំនឿយ៉ាងមុតមាំថា ចំណាត់ការដ៏ម៉ឺងម៉ាត់របស់ គណៈបញ្ជាការ ឯកភាព ខេត្តក្នុងការរឹតបន្តឹងការអនុវត្តវិធានការច្បាស់ លើបទល្មើស ធនធានធម្មជាតិ នឹងបង្កើនការជឿទុកចិត្ត និងកាត់បន្ថយនូវការទិតៀនពីសំណាក់ សាធារណជន ក៏ដូចជាបណ្តាអង្គការសង្គមស៊ីវិលនានាមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល»

លិខិតផ្ញើជូនអភិបាលខេត្តទូទាំងប្រទេសចំនួន២១ លើកលែងតែ៖ រាជធានីភ្នំពេញ, កណ្តាល, ព្រៃវែង និងស្វាយរៀង ដែលមិនពាក់ព័ន្ធធនធានធម្មជាតិ។

សូមជំរាបថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះម្សិលមិញ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតគណៈកម្មការ ដើម្បីពង្រីកវិសាលភាព ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិទូទាំងប្រទេស។ គណៈកម្មការនេះ មានលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេសជាប្រធាន និង លោក ហ៊ូ សាគុណ អគ្គស្នងការរង នគរបាលជាតិ និងជាប្រធាន នាយកដ្ឋានកណ្តាលនគរបាលព្រំដែន ជាអនុប្រធាន ព្រមទាំងមានសមាជិកមកពីក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ រួមទាំងអភិបាលរាជធានី-ខេត្តផងដែរ៕